ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល ១១ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុបជាង ៧១១លានដុល្លារ កើនតិចតួច បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

តារាងស្ថិតិបញ្ជីពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរ មានចំនួន ៧១១,០៤លានដុល្លារ កើនឡើង ១ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលមាន ៧០៣,៩៤លានដុល្លារ។ ក្នុងនោះ ការនាំពីកម្ពុជាទៅប្រទេសកូរ៉េ មានទឹកប្រាក់ ២០៧,១៨លានដុល្លារ កើន ២០,៣ភាគរយ និងទំនិញកូរ៉េនាំមកប្រទេសកម្ពុជា មានចំនួន ៥០៣,៩២លានដុល្លារ ធ្លាក់ចុះ ៥,២ភាគរយ។

ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកូរ៉េ មានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់អេឡិចត្រូនិក និងផលិតផលកសិកម្ម។ ចំណែកទំនិញកម្ពុជា នាំចូលមានដូចជា យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ និងថ្នាំពេទ្យ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ទើបបានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដោយរំពឹងថា នឹងជំរុញកំណើននៃការនាំចេញរវាងប្រទេសទាំងពីរ និងចូលរួមស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងគ្រោះដោយសារតែវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផងដែរ៕