ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលជម្រាបលាបញ្ចប់បេសកកម្មការងារជាឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំនៅកម្ពុជា លោក ប៉ាក ហឹងឃ្យូង បានស្វែងរកការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើគម្រោង កែច្នៃសំរាមឱ្យទៅជាថាមពលប្រើប្រាស់ ហើយត្រូវបាន សម្ដេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគនេះ។
ក្រុមហ៊ុនដែលមានគោលដៅវិនិយោគកែច្នៃសំរាមឱ្យទៅជាថាមពលប្រើប្រាស់នេះ គឺក្រុមហ៊ុន ECOCAM របស់កូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងរកការគាំទ្រ ដើម្បីវិនិយោគកែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។

ការស្វះស្វែងនេះធ្វើឡើងក្នុងជំនួប លោក ប៉ាក ហឹងឃ្យូង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ពិភាក្សាជម្រាបលា សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២, ហើយសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះគម្រោងវិនិយោគ កែច្នៃសំរាម ទៅជាថាមពលប្រើប្រាស់នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលទើបតែទទួលបានពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» រូបនេះ បានណែនាំឱ្យក្រុមហ៊ុនខាងលើ ធ្វើការជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលពល ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ឲ្យការងារប្រកបទៅដោយរលូន និងជោគជ័យ។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានចន្លោះពី ២,៧០០ ទៅ ៣,០០០តោន ក្នុងមួយថ្ងៃ។ ក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧.៤០% សំណល់ថង់ប្លាស្ទិក មានប្រមាណ ១៨.១០% សំណល់ក្រដាស ៦% កៅស៊ូ និងស្បែក ០.២% សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨.៣០%៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















