រាជធានីបាងកក ៖ បេសកកម្មសង្គ្រោះនាវិក ចំនួន៣១នាក់ កំពុងតែបន្ដ ក្រោយការលិចនាវាចម្បាំងមួយគ្រឿង មានផ្ទុកកងទ័ពជើងទឹកថៃ ជាង១០០នាក់ បានលិច នៅកណ្ដាលឈូងសមុទ្រថៃ កាលពីរាត្រី ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ។
សារព័ត៌មាន The Nation បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា ក្រោយការលិចនាវាចម្បាំង HTMS Sutkhothai របស់កងទ័ពជើងទឹកថៃ បេសកកម្មជួយសង្គ្រោះ កំពុងតែបន្ដស្វែងរកនាវិក ចំនួន៣១នាក់ ដែលកំពុងតែបាត់ខ្លួន។

លោកឧត្ដមសេនីយ៍ ប៉ុកក្រុង ម៉ុនថាប៉ាលីន (Pokkrong Monthatpalin) អ្នកនាំពាក្យ កងទ័ពជើងទឹកថៃ បានបញ្ជាក់ ថា នាវាចម្បាំង HTMS Sukhothai បានលិចនៅឆ្នេរសមុទ្រ ខេត្តប្រាជួប គិរីខាន់ (Prachuap Khiri Khan) នាវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃអាទិត្យ។ ឥឡូវយន្ដហោះ ប្រភេទ ដ័រនៀ (Dornier) និង ឧទ្ធម្ភាគចក្រ ប្រភេទស៊ីហក់ (Seahawk) រាប់សិបគ្រឿង រួមជាមួយនឹងនាវាផ្សេងៗទៀត កំពុងតែស្វែងរកនាវិក ដែលបានបាត់ខ្លួន ខណៈមានមនុស្សជាច្រើន ជឿ ថា ពួកគេអាចនឹងអណ្ដែត នៅកណ្ដាលសមុទ្រជាមួយនឹងពោងការពារអាយុជីវិត។

នាវាចម្បាំង HTMS Sukhothai បានចេញល្បាត នៅចម្ងាយប្រហែល ជាង៣០គីឡូម៉ែត្រ ស្ថិតនៅឆ្នេរសមុទ្រ នៃស្រុកបាងសាផាន់ (Bang Saphan) ខេត្ត Prachuap Khiri Khan ជាទីដែលនាវានោះ បានជួបប្រទះនឹងព្យុះខ្លាំង ហើយបានដាច់ចរន្តអគ្គិសនី។ ម៉ាស៊ីនមេ បានឈប់ដំណើរការ ទើបធ្វើឲ្យនាវាចម្បាំងនោះ គ្រប់គ្រងលែងបាន ហើយទឹកបានហូរចូលកាន់តែច្រើន រហូតធ្វើឲ្យវាលិច។ ភ្លាមៗនោះ កងទ័ពជើងទឹកថៃ បានបញ្ជូននាវា HTMS Angthong, HTMS Bhumibol Adulyadej, HTMS Kraburi និង ឧទ្ធម្ភាគចក្រ បំពាក់ដោយឧបករណ៍សង្គ្រោះ ទៅកាន់ទីនោះ។
កងទ័ពជើងទឹកថៃ បានបញ្ចេញរបាយការណ៍មួយ ស្ដីអំពីប្រតិបត្ដិការនោះ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃចន្ទ ថា នាវិក ចំនួន៧៨នាក់ ស្ថិតក្នុងចំណោមកងទ័ពជើងទឹក ចំនួន១០៦នាក់ នៅលើនាវាចម្បាំង HTMS Sukhothai ត្រូវបានបញ្ជូនទៅកាន់កំពង់ផែ Bang Saphan ខេត្ត Prachuap Khiri Khan។ ប៉ុន្ដែពួកគេចំនួន៣នាក់ បានរងរបួសធ្ងន់។ ចំណែកនាវិក ចំនួន៣១នាក់ ដែលបាត់ខ្លួន ក៏កំពុងតែស្ថិតក្រោមប្រតិបត្ដិការស្វែងរកតាមអាកាស និង សមុទ្រ ដើម្បីជួយសង្គ្រោះពួកគេ។

HTMS Sutkhothai ជានាវាចម្បាំងរបស់កងទ័ពជើងទឹកភូមិន្ទថៃ ត្រូវបានដាក់ឲ្យដំណើរការ សម្រាប់បេសកកម្មយោធា ចាប់តាំងពីឆ្នាំ១៩៨៧រហូតមក។ នាវាចម្បាំងដែលបានលិចនោះ ជាប្រភទនាវា Ratanakosin មួយគ្រឿង នៅក្នុងចំណោមនាវាចំនួន២គ្រឿង រួមមាន HTMS Ratanakosin (មានលេខសម្គាល់ FS-441) និង HTMS Sukhothai (FS-442) ដែលត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុន Tacoma Boatbuilding។ នាវាចម្បាំងមួយគ្រឿងនេះ មានបណ្ដោយប្រវែង៧៦,៧ម៉ែត្រ ទទឹងប្រវែង៩,៦ម៉ែត្រ និង កម្ពស់២៦,៨២ម៉ែត្រ ហើយវាបានបំពាក់ដោយប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវាមុជទឹក និង គ្រឿងសព្វាវុធទំនើបៗច្រើនប្រភេទទៀត៕ រក្សាសិទ្ធិដោយ ៖ សារាយSN



