Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ

spot_img

ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃនេះ ភាគីទាំងពីរ បានបញ្ចប់ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ​

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី២ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាសម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្រ្តីជាន់ខ្ពស់តំណាងអន្តរក្រសួង នៃប្រទេសទាំងពីរ សរុបប្រមាណ ៦០ រូប។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម មានលក្ខណៈពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន ដែលមានថាមវ័ន្តសេដ្ឋកិច្ចខ្លាំងលើពិភពលោក ព្រមទាំងផ្តល់នូវកាលានុវត្តភាពជាច្រើនទៀតដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យក្រុមការងារចរចារបស់ភាគីទាំងពីរ បន្តខិតខំព្យាយាមចរចា ដើម្បីសម្រេចបានកិច្ចព្រមព្រៀង Cambodia-UAE CEPA នាពេលឆាប់ៗ សំដៅបម្រើដល់អត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ វិនិយោគិន និងធុរជនរបស់ប្រទេសទាំងពីរ។ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កំពុងពន្លឿនការចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយឲ្យចេញជាផ្លូវការនៅឆ្នាំ ២០២៣ ខណៈភាគីទាំងពីរ កំពុងដំណើរការចរចាជុំទី២។ ប្រទេសកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម កំពុងជំរុញទៅលើដំណើរការចរចានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងប្រទេសទំាងពីរ ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងជាផ្លូវការឲ្យបានឆាប់បំផុតតាមអ្វីដែលអាចធ្វើបាន។

ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សា និងដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ បន្ទាប់ពីការចរចាជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

ក្នុងអំឡុងការចរចាជុំទី២នេះ ភាគីទាំងពីរបានបន្តពិភាក្សា និងដោះស្រាយរាល់ចំណុចដែលមិនទាន់មានការឯកភាពគ្នា ឬមិនទាន់មានភាពច្បាស់លាស់ បន្ទាប់ពីការចរចាជុំទី១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

វិស័យ និងអនុវិស័យសំខាន់ៗ ដែលនឹងត្រូវលើកយកមកពិភាក្សា រួមមាន៖ ពាណិជ្ជកម្មទំនិញ របាំងពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ ពាណិជ្ជកម្មសេវា កិច្ចសម្រួលពាណិជ្ជកម្ម វិធានដើមកំណើតទំនិញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧបាស្រ័យពាណិជ្ជកម្ម វិនិយោគ កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន។

បើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ គឺមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយជាង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធម្មតា ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្តោតតែទៅលើទីផ្សារទំនិញ និងការវិនិយោគ ខណៈដែលកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ គឺមានការពិគ្រោះយោបល់គ្នា និងការសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តម បានគូសបញ្ជាក់ថា ដំណើរការចរចានៃកិច្ចព្រមព្រៀងនេះ នឹងត្រូវធ្វើឡើងរហូតដល់ ៤ដំណាក់កាល ហើយភាគីទាំងពីររំពឹងថា នឹងសម្រេចកិច្ចព្រមព្រៀងជាផ្លូវការនៅត្រឹមអំឡុងពេលឆមាសទី ១នៃឆ្នាំ ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា អេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលរួមចំណែកប្រមាណ ៧៧% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ។ ក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩លានដុល្លារអាម៉េរិក ជាមួយនឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

spot_img
×