Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រៅពីផលិតផលកាត់ដេរ មុខទំនិញឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា បាននាំចេញមានការកើនឡើងជិត ៤០% នៅឆ្នាំ២០២២នេះ

ភ្នំពេញ៖ យោងតាមទិន្ន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល ១១ខែឆ្នាំ ២០២២នេះ ក្រៅពីផលិតកាត់ដេរ មុខទំនិញឧស្សាហកម្មសំខាន់ៗ របស់កម្ពុជា មានតម្លៃទឹកប្រាក់សរុប ៤១០៤លានដុល្លារ បានកើនឡើង ៣៩,៩៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ទិន្នន័យដដែលនេះ បានឲ្យដឹងទៀតថា ការនាំចេញមុខទំនិញ ក្រៅពីផលិតផលកាត់ដេរទាំងនោះ រួមមាន គ្រឿងអេឡិចត្រូនិក កង់ សម្ភារអគ្គិសនី និងគ្រឿងបន្លាស់រថយន្ត មានតម្លៃទឹក ២៨៤៤លានដុល្លារ បានកើនឡើង ៦៣,១៦%, ផលិតផលគ្រឿងសង្ហារឹម មានតម្លៃ ៩០៣លានដុល្លារ បានកើនឡើង ៩,៩% និងផលិតផលប្លាស្ទីក និងផលិតផលធ្វើពីកៅស៊ូ មានតម្លៃ ៣៥៨លានដុល្លារ បានធ្លាក់ចុះ ២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំាមុន។

គោលនយោបាយរបស់រាជរដ្ឋាភិបាល កំពុងងាកចេញពីវិស័យកាត់ដេរ ដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ប៉ុន្តែទទួលចំណូល ឬតម្លៃបន្ថែមទាប ក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិពភលោកកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

បើទោះបីជាយ៉ាងណា វិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង នៅតែជាក្បាលម៉ាស៊ីនអូសទាញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា នាពេលបច្ចុប្បន្ន ជាមួយតម្លៃនាំចេញសរុបប្រមាណ ១០,០៩ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែឆ្នាំ ២០២២នេះ បានកើនឡើង ១៧,៦១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាមុន។

យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល បានបង្ហាញថា ទំហំនៃការនាំចេញសម្លៀកបំពាក់ ធៀបទៅនឹងការនាំចេញសរុបបានថយចុះពី ៨២ភាគរយ ក្នុងឆ្នាំ ២០១២ មកត្រឹម ៧៤ភាគរយ ក្នុងឆ្នាំ ២០១៨ ស្របពេលដែលការនាំចេញផលិតផលផ្សេងទៀត ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ គ្រឿងសង្ហារឹម និងឧស្សាហកម្មដំឡើងយានយន្ត មានការកើនឡើងគួរឲ្យកត់សម្គាល់៕

×