រដ្ឋធានីសេអ៊ូល៖ ស្របពេលកូរ៉េខាងជើង បាញ់មីស៊ីលផ្លោង ឥតឈប់ឈរនោះ សហរដ្ឋអាមេរិក បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដ បេ-៥២ (B-52), យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើប ប្រភេទ F-22 Raptor និង យន្ដហោះចម្បាំងបំបាំងកាយ ប្រភេទ F-35 ចេញសមយុទ្ធ នៅលើដែនអាកាស ជាមួយនឹងកងទ័ពអាកាសរបស់ប្រទេសជាសម្ពន្ធមិត្ត នៅអាស៊ីបូព៌ា (កូរ៉េខាងត្បូង០ ដើម្បីព្រមានដល់ក្រុងព្យុងយ៉ាង។
សារព័ត៌មាន The Eurasian Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២១ ខែធ្នូ ថា កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធទ័ពដែនអាកាសរួមគ្នាមួយ ដោយមានការចូលរួម ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ប្រភេទ B-52 យន្តហោះចម្បាំងបំបាំងកាយ ប្រភេទ F-22 និង យន្ដហោះបំបាំងកាយ ប្រភេទ F-35។ សមយុទ្ធយោធារបស់កងទ័ពអាកាសសហរដ្ឋអាមេរិក និង ប្រទេសជាសម្ពន្ធមិត្ត នៅអាស៊ីបូព៌ានេះ បានធ្វើឡើង ស្របតាមការសន្យារបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងការដាក់ពង្រាយ «ទ្រព្យសម្បត្តិយុទ្ធសាស្ត្រ» ជាញឹកញាប់ ដើម្បីទប់ស្កាត់នូវការឈ្លានពាន ឬ ការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង។

កងទ័ព នៃប្រទេសសម្ពន្ធមិត្តទាំង២នេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា សមយុទ្ធកងទ័ពអាកាសនេះ បានធ្វើឡើង នៅភាគនិរតី នៃកោះជេជូ (Jeju) ជាតំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួម ពីយន្ដហោះបំបាំងកាយ ប្រភទេ F-35A និង F-15K មកពីកងទ័ពអាកាសរបស់កូរ៉េខាងត្បូង ផងដែរ។

សមយុទ្ធនេះ បានធ្វើឡើង ជិតមួយខែ ក្រោយពេលប្រទេសទាំងពីរ បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ កាលពីដើមខែវិច្ឆិកា។ សកម្មភាពយោធារបស់ប្រទេសជាសម្ពន្ធមិត្តទាំង២នេះ បានធ្វើឲ្យកូរ៉េខាងជើង បញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយការគំរាមកំហែង ដល់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ជាមួយនឹងតម្លៃដ៏គួរឱ្យភ័យខ្លាចបំផុត នៅក្នុងប្រវត្តិសាស្ត្រ»។ ជាការឆ្លើយតបវិញនោះ ក្រុងព្យុងយ៉ាង ក៏បានបង្កើនការបាញ់មីស៊ីល និង ធ្វើសកម្មភាពយោធាជាបន្ដបន្ទាប់ បង្កឲ្យមានភាពតានតឹង នៅលើឧបទ្វីបកូរ៉េ៕ រក្សាសិទ្ធិដោយ ៖ សារាយSN
















