ស្ថានីយទូរទស្សន៍ចិន CCTV នៅថ្ងៃទី ១៩ ខែមិថុនា បានឲ្យដឹងថា ៖ លោកគីម មានជំនួបកំពូលជាមួយប្រធានរដ្ឋចិន ស៊ី ជិនពៀន ប្រមាណ ១០នាទី បន្ទាប់ពីត្រួតពលនៅទីលាន ធានអានមេន ។
លោកស៊ី ជិនពៀន និងភរិយាថតរូបអនុស្សាវរីយ៍ជាមួយលោកគីម ជុងអ៊ុន និងភរិយា ។
នេះជាជំនួបកំពូលលើកទី៣ រវាងមេដឹកនាំប្រទេសទាំងពីរក្នុងអំឡុងពេល ៣ខែ កន្លងមក ហើយប្រមាណ១សប្តាហ៍ ក្រោយជំនួបរវាងលោកគីម ជាមួយប្រធានាធិបតីអាមេរិក ។
ប្រការចម្លែកប្លែកពីលើកមុនៗនោះ គឺ CCTV បានផ្សាយព័ត៌មាននិងរូបភាពអំពីជំនួបកំពូលនេះ ភ្លាមៗតែម្តង ពុំមែនដូចលើកមុនៗរង់ចាំទាល់តែលោកគីម វិលទៅប្រទេសវិញឡើយ ។
ផ្ទុយទៅវិញគេពុំឃើញប្រព័ន្ធព័ត៌មានកូរ៉េខាងជើង ផ្សាយព័ត៌មានអំពីជំនួបកំពូលថ្មីបំផុតនេះទេ ។
តាមអ្នកវិភាគនោះគោលបំណងនៃដំណើរទស្សនកិច្ចចិនលើកនេះរបស់លោកគីម ជុងអ៊ុន គឺដើម្បីរាយការណ៍សង្ខេបអំពីជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិកឲ្យប្រធានរដ្ឋចិន ស៊ី ជិនពៀន ។ ទន្ទឹមនោះក្រុងព្យុងយ៉ាងក៏នឹងឆ្លៀតឱកាសដើម្បីសុំការគាំទ្រពីចិន ក៏ដូចជាប្រឹក្សាយោបល់ជុំវិញកំរិតនៃការរំសាយអាវុធនុយក្លេអ៊ែរ គប្បីប្រព្រឹត្តទៅបែបណា? ។