ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាស្ដីពី “កម្ពុជា-ចិន រួមជោគវាសនាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩” ធ្វើឡើងនៅវិមានព្រឹទ្ធសភា

ភ្នំពេញៈ សិក្ខាសាលាស្តីពី “កម្ពុជា-ចិនរួមជោគវាសនាប្រយុទ្ធ ប្រឆាំងនឹងកូវីដ-១៩” ក្រោមអធិបតីភាពបើករបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

សិក្ខាសាលានេះរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមកិច្ចសហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីព្រឹទ្ធសភា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យជំនាញវេជ្ជសាស្ត្រយោធាចិនជួយកម្ពុជា ក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនជួយកម្ពុជាទប់ស្កាត់កូវីដ១៩ អ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ក្រុមគ្រូពេទ្យកម្ពុជាជាង១០០នាក់។

បន្ទាប់ពីការឡើងថ្លែងសុន្ទរកថារបស់ឯកឧត្ដម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោក ឈួយ ឈុនឡាយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំនៅកម្ពុជា និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលរួចមក ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបាន មានប្រសាសន៍ថា ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនឆ្លុះបញ្ចាំងពីជំហររបស់ប្រជាជននិងស្មារតីនៃការស្វែងរកការពិតនិងជឿនលឿនទៅតាមសម័យកាល។ រដ្ឋាភិបាលចិនបានបង្កើនប្រសិទ្ធភាព និងកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតទៅតាមពេលវេលា និងស្ថានភាព។ គោលបំណងគឺដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតរបស់មេរោគមកលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ការពារយ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្រ្ត នូវសុវត្ថិភាពអាយុជីវិតប្រជាជន និងធានាឱ្យបាននូវដំណើរការប្រកបដោយសណ្តាប់ធ្នាប់នៃសេដ្ឋកិច្ច និងសង្គម។ ស្របពេលជាមួយគ្នានេះ ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិនគឺអំណោយផលដល់ការផ្លាស់ប្ដូរស៊ីជម្រៅជាមួយពិភពខាងក្រៅនិងការចាក់បញ្ចូលថាមពលវិជ្ជមានចូលទៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

មានប្រសាសន៍ក្នុងឱកាសបើកអង្គសិក្ខាសាលានាពេលនោះ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាបានគូសបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-ចិនបានជួយគ្នាទៅវិញទៅមកហើយប្រទេសចិនបានចាត់បញ្ជូនក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងជំងឺឆ្លងជាច្រើនលើកព្រមទាំងបរិច្ចាគសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាច្រើនដូសនិងច្រើនលើកមកកាន់ប្រទេសកម្ពុជា ជួយឱ្យកម្ពុជាទទួលបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។រដ្ឋាភិបាលក៏ដូចជាប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិននៅតែបន្តការជួយយកអាសារគ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នាជំរុញនិងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺមួយនេះ។ថ្មីៗនេះប្រទេសចិនបានកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតម្ដងទៀតដែលនេះគឺជាការសម្របខ្លួនតាមស្ថានភាពជាក់ស្ដែងនិងជាសកម្មភាពរបស់ប្រទេសចិនខ្លួនឯងផ្ទាល់ដើម្បីបង្កើនភាពត្រឹមត្រូវនៃការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដើម្បីអនុវត្តវិធានការមានប្រសិទ្ធភាពក្នុងការសម្របសម្រួលសុវត្ថិភាពសុខភាពនិងស្ដារឡើងវិញជីវភាពរស់នៅជាប្រក្រតីរបស់ប្រជាជន។

អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់បានយល់ឃើញជារួមថា កម្ពុជាចិនចាប់ដៃគ្នាឆ្ពោះទៅមុខ តស៊ូជំនះការលំបាក ដែលនេះបានបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩សម្រាប់សហគមន៍អន្តរជាតិ និងបានបង្ហាញថាកម្ពុជានិងចិនគឺជាមិត្តដែកថែបពិតប្រាកដ។ ឈរនៅលើចំណុចចាប់ផ្ដើមនៃដំណើរថ្មី ប្រទេសកម្ពុជានិងចិននឹងពួតដៃប្រកៀកស្មាគ្នាឆ្ពោះទៅមុខ ធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមានសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វេជ្ជសាស្ត្រ ជាដើម ដើម្បីគូសវាសគម្រោងថ្មីសម្រាប់”សហគមន៍ជោគវាសនារួមកម្ពុជាចិន”។
នៅក្នុងសិក្ខាសាលានេះ មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័សពិនិត្យរកជំងឺកូវីដ១៩ ចំនួន៧០ម៉ឺនតេស្ត ជូនដល់ព្រឹទ្ធសភាកម្ពុជាផងដែរ៕ រក្សាសិទ្ធិដោយៈចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម