Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្សេឡែនស្គី មានទំនុកចិត្តលើការគាំទ្ររបស់អាមេរិក បន្ដផ្ដល់ជំនួយយោធាថ្មីបន្ថែម

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយជំនួបជាមួយនឹងប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅក្នុងសេតវិមាន និង ជួបសភា នៃប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និង យោធា នៅលើពិភពលោករួចមក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymir Zelenskyy) បានកោតសរសេរដល់សហរដ្ឋអាមេរិក គាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងជំនួយថ្មីបន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន កំពុងតែប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ខ្លួន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២១ ខែធ្នូ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានស្វាគមន៍ដល់សមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ដែលបានធ្វើដំណើរមកដល់សេតវិមាន។ ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោន បានអះអាង ថា សហរដ្ឋអាមេរិក នឹងបញ្ជូនខែលការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន Patriot និង គ្រាប់រំសេវ មានទំហំទឹកប្រាក់ ១,៨៥ពាន់លានដុល្លារ ដែលជាផ្នែកមួយ នៃកញ្ចប់ជំនួយសន្ដិសុខរបស់ក្រុងវ៉ាស៊ីនតោន ជួយដល់អ៊ុយក្រែន។

ការបំពេញទស្សនកិច្ចរបស់លោក ហ្សេឡែនស្គី នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ក៏ជាដំណើរទស្សនកិច្ច នៅក្រៅប្រទេស លើកទី១របស់ប្រធានាធីបតីអ៊ុយក្រែន ចាប់តាំងពីមេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាកងទ័ពឲ្យបើកទ្វារព្រំដែនរបស់ខ្លួន វាយលុក ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងការថ្លែងសុន្ទរកថាដ៏ខ្លីមួយ នៅឯការិយាល័យពងក្រពើនោះ លោក ហ្សេឡែនស្គី បានប្រាប់ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ថា «វាជាកិត្តិយសខ្លាំងណាស់ ចំពោះការធ្វើដំណើរមកកាន់ទីនេះ។ ខ្ញុំសូមថ្លែងអំណរគុណ ដល់អស់លោកទាំងអស់គ្នា ហើយខ្ញុំសូមថ្លែងនូវការដឹងគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត សម្រាប់ការជួយដល់ប្រទេសអ៊ុយក្រែន»។

បើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ការប្រកាសអំពីកញ្ចប់ជំនួយថ្មី កាលពីថ្ងៃពុធ ក៏ជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកផងដែរ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយនឹងកញ្ចប់ជំនួយថ្មីនេះ ធ្វើឲ្យជំនួយសហរដ្ឋអាមេរិក ជួយដល់អ៊ុយក្រែន កើនឡើង រហូតដល់ ២១,៩ពាន់លានដុល្លារ ចាប់តាំងពីលោក ចូ បៃដិន បានឡើងកាន់តំណែងជាប្រធានាធិបតី។

មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា កញ្ចប់ជំនួយថ្មីបន្ថែមនេះ ក្រៅតែពីខែលការពារ Patriot នៅមានទាំងគ្រាប់រំសេវសម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែតហាយម៉ាស់ (HIMARS), គ្រាប់កាំភ្លើងផ្លោងនាំផ្លូវជាក់លាក់ និងមីស៊ីលប្រឆាំងនឹងវិទ្យុសកម្មមានល្បឿនលឿន (HARMs) ទៀតផង៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×