ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា «ផ្លូវល្បឿនលឿនប្រេងក៏អស់តិច ពេលវេលាក៏លឿន សម្រាប់សង្វាក់ផ្គត់ផ្គង់ក៏លឿន»។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជំរុញឲ្យថៅកែៗឡានដឹកទំនិញ គួរជ្រើសរើសផ្លូវល្បឿនលឿនដើម្បីបានផលចំណេញ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវពីរខ្សែ(១៤៦B+១៤៨) នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា «ខ្ញុំសង្កេតឃើញផ្លូវល្បឿនលឿនមិនទាន់មានឡានដឹកទំនិញច្រើននៅលើផ្លូវល្បឿនលឿននៅឡើយទេ ខ្ញុំសូមដាស់តឿនចំពោះថៅកែរថយន្តទាំងឡាយ ប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាង ទៅលើផ្លូវថ្នល់ធម្មតា»។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតរបស់ប្រទេសកម្ពុជា ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោង មកត្រឹមតែពីរម៉ោងប៉ុណ្ណោះ ជាពិសេសចំណេញពេលវេលានៃការដឹកជញ្ជូនទំនិញទៅមករវាងភ្នំពេញ ក្រុងព្រះសីហនុ និងក្រុងព្រះសីហនុ ភ្នំពេញ៕