ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្ត្រ ហ៊ុន ម៉ានី បង្ហាញថា ផ្សារបច្ចេកវិទ្យាខ្មែរ ដើរតួជាអ្នកផ្គូផ្គងរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ ក្នុងសេដ្ឋកិច្ចសង្គមឌីជីថល

ភ្នំពេញ ៖ មជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលបម្រើសេវាលើវិស័យ ឌីជីថល បច្ចេកវិទ្យាព័ត៌មានវិទ្យា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផ្សារបច្ចេកវិទ្យាខ្មែរ» (Khmer Tech Market) ដែលពិធីនេះប្រព្រឹត្តទៅនៅអគារ The Kampus នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា «ផ្សារបច្ចេកវិទ្យាខ្មែរ» មួយនេះ នឹងក្លាយជាថ្នាលឌីជីថលដែលប្រមូលផ្ដុំគ្រប់ភាគីពាក់ព័ន្ធ ក្នុងការផ្ដល់ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ចសង្គម។

ជាអធិបតីភាពនៃការសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនេះ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាទលើកឡើងថា «ផ្សារបច្ចេកវិទ្យាខ្មែរ» ត្រូវបានអភិវឌ្ឍក្នុងគោលបំណងសំខាន់២ រួមមាន ÷

១- ដើរតួជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឲ្យមានការផ្គូផ្គង រវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម ដើម្បីផ្ដល់គុណតម្លៃបន្ថែម ដល់អ្នកដែលមានទេពកោសល្យក្នុងស្រុក , និង

២- ដើរតួជាថ្នាលឌីជីថល សម្រាប់ការបង្កើតនូវតម្រូវការថ្មីៗ ដើម្បីផ្ដល់ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេសផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្មនៅកម្ពុជា ដែលមានទេពកោសល្យល្អ ក្នុងការផ្សព្វផ្សាយអំពីសេវារបស់ខ្លួន និងងាយស្រួលស្វែងរកទីផ្សារ។

ក្នុងន័យនេះ លោកប្រធានក្រុមប្រឹក្សាភិបាល ហ៊ុន ម៉ានី បានញែកចេញជាគោលសំខាន់ៗ ៣បន្ថែមទៀត ដោយលោកអះអាងថា «ផ្សារបច្ចេកវិទ្យាខ្មែរ» នឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា ដូចជា ៖

១- «ផ្សារបច្ចេកវិទ្យាខ្មែរ» ជាសមាសធាតុមួយថ្មី ដែលនឹងចូលរួមជួយគាំទ្រការពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធទន់ គាំទ្រដល់ការសម្រេចទិសដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា,

២- «ផ្សារបច្ចេកវិទ្យាខ្មែរ» ជាថ្នាលថ្មីមួយ ដែលបង្កើតឱកាសសម្រាប់អ្នកដែលមាន ទេពកោសល្យ ទាំងជាលក្ខណៈបុគ្គល ជាអ្នកធ្វើការឯករាជ្យ (Freelancer) ទាំងជាលក្ខណៈក្រុមហ៊ុន ដែលជំរុញទេពកោសល្យកូនខ្មែរ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឲ្យកាន់តែប្រសើរឡើង,

៣- ការបង្កើត «ផ្សារបច្ចេកវិទ្យាខ្មែរ» នឹងជួយបំផុសដល់ផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ លើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្ម ឲ្យកាន់តែមានចំណាប់អារម្មណ៍បន្ថែមទៀត ក្នុងការផ្តល់ និងការទទួលសេវា។

សម្រាប់ លោក អាំង សុវណ្ណរ័ត្ន ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ វិញ បានបញ្ជាក់ផងដែរថា «ផ្សារបច្ចេកវិទ្យាខ្មែរ» ជាថ្នាលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ទាំងអ្នកផ្គត់ផ្គង់សេវា និងអតិថិជនដែលមានតម្រូវការ ដូចជា មានមុខងារផ្គូផ្គងរវាងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់, មានមុខងារផ្ញើសារទៅវិញទៅមកនៅលើថ្នាល, មានការជូនដំណឹង (Notification), មិនមានការបង់ប្រាក់ប្រចាំខែ, មិនមានការបង់ប្រាក់សមាជិកភាព, បង្ហោះសេវាកម្ម និងការងារ ដោយគ្មានដែនកំណត់ និងឥតគិតថ្លៃ, និងងាយស្រួលប្រើប្រាស់ ទាំងសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម