រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត បង្កើនការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយការហ៊ុមព័ទ្ធសេដ្ឋកិច្ចនេះ បានធ្វើឲ្យការនាំចេញប្រេងរបស់ប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោកមួយនេះ បានធ្លាក់ចុះខ្លាំង។
បណ្ដញទូរទស្សន៍ Bloomberg បានផ្សាយ ថា ការនាំចេញប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេលពេញ១សប្តាហ៍ដំបូង នៃខែនេះ ចាប់តាំងពីក្រុមប្រទេស G-7 បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងមូស្គូ ដោយផ្តោតលើប្រាក់ចំណូលទទួលបានពីប្រេង។ សកម្មភាពរបស់ប្រទេសអ្នកមានទាំងនេះ បានធ្វើរំខានយ៉ាងខ្លាំងដល់វិស័យប្រេងរបស់រុស្ស៊ី។

ការនាំចេញប្រេងថយចុះមួយចំនួន បានកើតឡើង ដោយសារការងារនៅកំពង់ផែសមុទ្របាល់ទិក ហើយឥឡូវត្រូវបានបញ្ចប់។ រីឯកំពង់ផែមួយចំនួនផ្សេងទៀត ក៏បានបង្ហាញ អំពីការធ្លាក់ចុះ នៃការនាំចេញប្រេង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែរ។ ទិន្នន័យត្រូវបានចាត់ទុកយ៉ាងប្រុងប្រយ័ត្ន ព្រោះលំហូរនាំចេញប្រេង ប្រចាំសប្តាហ៍ ដោយអាស្រ័យទៅលើពេលវេលា នៃការកំណត់ពេលដឹកជញ្ជូន អាកាសធាតុ និង ចំនួននាវាដឹកជញ្ជូន។
ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបានចាប់ផ្ដើម កាលពីថ្ងៃទី៥ ខែធ្នូ ត្រូវបានរៀបចំឡើង ដើម្បីរឹតត្បិតប្រាក់ចំណូលរបស់រុស្ស៊ី ដែលបានទទួលបានពីប្រេង។ មួយវិញទៀត ប្លុកសេរីមួយនេះ បានឈប់ទិញប្រេងពីរុស្ស៊ី ហើយសកម្មភាពបែបនេះ បានរារាំងការផ្តល់សេវាសំខាន់ៗ ផងដែរ។ សហរដ្ឋអាមេរិក មានការព្រួយបារម្ភ ចំពោះវិធានការធ្ងន់ធ្ងរ រហូតជំរុញឱ្យមានវិធានការបន្ទាន់ ជាមួយនឹងការអនុវត្តការកំណត់តម្លៃប្រេង ដោយរក្សារបស់ទាំងនោះ ជាពិសេស ការធានារ៉ាប់រង សម្រាប់អ្នកទិញនៅកន្លែងផ្សេងទៀត នៅលើពិភពលោក ដោយការកំណត់ត្រឹមតម្លៃ៦០ដុល្លារ ក្នុងមួយបារ៉ែល ឬ តិចជាងនេះ សម្រាប់ប្រេងរបស់រុស្ស៊ី។

ពេញ១សប្ដាហ៍ទី១ នៃខែធ្នូ ក្រោយបម្រារបស់សហភាពអឺរ៉ុប លើការនាំចូលប្រេងឆៅតាមសមុទ្ររបស់រុស្ស៊ី បានចូលជាធរមាន ធ្វើឲ្យបរិមាណធ្លាក់ចុះ ពី១,៨៦លានប៉ារ៉ែល ឬស្មើនឹង៥៤ភាគរយ ក្នុង១ថ្ងៃ មកនៅត្រឹម ១,៦លានបារ៉ែល។ ចំណែកលំហូរចំណូលចូលទៅកាន់ឃ្លាំងសង្រ្គាមរបស់វិមានក្រឹមឡាំង ទទួលបានពីកាតព្វកិច្ចនាំចេញប្រេងឆៅរបស់ខ្លួន បានធ្លាក់ចុះពីចំនួន៧៧លានដុល្លារ ឬស្មើនឹង៥៤ភាគរយ មកត្រឹម៦៦លានដុល្លារ នៅក្នុងរយៈពេល៧ថ្ងៃ គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ខណៈប្រាក់ចំណូលជាមធ្យមរយៈពេល៤សប្តាហ៍ បានធ្លាក់ចុះចំនួន១១លានដុល្លារ ពីប្រាក់ចំណូល១១២លាន។ ចំណូលពន្ធពីការនាំចេញ គឺទាបបំផុត សម្រាប់ឆ្នាំនេះ ដោយសារតែវិធានការផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ សារាយSN











