ព្រះសីហនុ ៖ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ដែលធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមឱ្យលុបបំបាត់វប្បធម៌ខ្លាចនរគបាលចរាចរណ៍ ជាងការគោរពច្បាប់ចរាចរណ៍, នគរបាលចរាចរណ៍មិនផាកពិន័យឡើយ បើមិនខុសច្បាប់, ប៉ុន្តែនគរបាលចរាចរណ៍ត្រូវមានក្រមសីលធម៌ក្នុងការអនុវត្តច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថា គ្រោះថ្នាក់សព្វថ្ងៃនេះ គឺមានចំនួនច្រើនពេកហើយ ថ្ងៃណាក៏មានមនុស្សស្លាប់ដែរ ពីមុនគឺយើងស្លាប់ដោយសារសង្គ្រាម…! ដូច្នេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងរៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍ កុំគោរពប៉ូលិសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍ កុំខ្លាចប៉ូលិសចរាចរណ៍ អីឡូវនេះប្រជាពលរដ្ឋរបស់យើងហាក់ដូចជាកំពុងតែខ្លាចប៉ូលិសចរាចរណ៍ជាជាងខ្លាចច្បាប់ទៅវិញ។

ការធ្វើដំណើរបច្ចប្បន្ន តាមទីតាំដែលគ្មានប៉ូលិសចរាចរណ៍ ប្រចាំការ គឺប្រជាពលរដ្ឋធ្វើដំណើរជិះយានយន្ត ទាំងបំពានច្បាប់ចរាចរណ៍ ដូច្នេះហើយទើបគេដាក់ប៉ូលិសចរាចរណ៍ត្រួតពិនិត្យ។ ប្រសិនបើយើងគោរពច្បាប់ យើងអត់មានត្រូវការខ្លាចប៉ូលិសចរាចរណ៍ទេ អ៊ឹចឹងចំណុចនេះសូមឱ្យក្លាយទៅជាវប្បធម៌នៅក្នុងចំណោមប្រជាជនយើង បើគ្មានរឿងត្រូវខ្លាចប៉ូលិសចរាចរណ៍ទេ សូមកុំខ្លាច, ព្រោះប៉ូលិសចរាចរណ៍ គេមិនធ្វើអ្វីយើងនោះទេ នៅពេលដែលយើងមិនធ្វើខុសច្បាប់ អ៊ឹចឹងទេ បើសិនទាំងអស់គ្នានាំគ្នាគោរពច្បាប់ចរាចរណ៍ គឺមិនតម្រូវឱ្យខ្លាចប៉ូលិសចរាចរណ៍នោះទេ។

ករណីបំពានច្បាប់ចរាចរណ៍នេះ គឺគ្មានអ្នកណាទៅស្លាប់ ឬរបួសជំនួសអ្នកមិនគោរពច្បាប់ចរាចរណ៍នោះឡើយ ប៉ុន្តែ វាបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃឱ្យរបួស ឬស្លាប់ដោយសារតែការមិនគោរពច្បាប់ចរាចរណ៍របស់យើង។ ជាក់ស្ដែង កន្លែងដែលគ្មានប៉ូលិស ពួកគេតែងតែបើកបរដោយបំពាន ដូចជានិយាយទូរស័ព្ទនៅពេលបើកបរ ឬបើកបរលើសល្បឿនកំណត់ជាដើម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN













