Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីពូទីន ខឹងច្រឡោតដាក់អាមេរិក ជុំវិញការបញ្ជូនខែលការពារដ៏ទំនើបទៅឲ្យអ៊ុយក្រែន

រដ្ឋធានីមូស្គូ៖ ស្របពេលប្រធានាធិបតីអ៊ុយក្រែន កំពុងតែបំពេញទស្សនកិច្ច នៅលើទឹកដីរបស់សហរដ្ឋអាមេរិក ដែលគេដឹងយ៉ាងច្បាស់ អំពីការសុំជំនួយសន្ដិសុខ និង ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប យកមកទប់ទល់នឹងការវាយប្រហារ ដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី នោះ មេដឹកនាំវិមានក្រឹមឡាំង បានខឹងសម្បាយ៉ាងខ្លាំង ហើយចាត់ទុកសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន និង ក្រុងកៀវ មិនមានចេតនា ចង់បញ្ចប់ជម្លោះនេះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា រដ្ឋាភិបាលក្រុងមូស្គូ បានបញ្ជាក់ ថា ក្រុងកៀវ ទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសផាទ្រីយ៉ូត ( Patriot) ពីសហរដ្ឋអាមេរិក នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) នៅរដ្ឋធានីវ៉ាស៊ីនតោន។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន នឹងមិនបានជួយដោះស្រាយ បញ្ចប់ជម្លោះ ឬ រារាំងដល់រុស្ស៊ី អំពីការសម្រេចបាននូវគោលដៅរបស់ខ្លួននោះឡើយ។

ថ្វីបើប្រព័ន្ធការពារដែនអាកាស Patriot ត្រូវគេចាត់ទុកយ៉ាងទូលំទូលាយ ជាខែលការពារដ៏ទំនើប និង មានប្រសិទ្ធភាពខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្ដែសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចាត់ទុក ថា «ខែលនេះ ហួសសម័យទៅហើយ»។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ថា រុស្ស៊ី នឹងស្វែងរកវិធីសាស្រ្ដ សម្រាប់ទប់ទល់។ ក្រុងមូស្គូ មានគោលបំណង ចង់បញ្ចប់សង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែបញ្ហាត្រង់ថា វានឹងមិនអាចជៀសរួច ពាក់ព័ន្ធនឹងដំណោះស្រាយការទូតនោះឡើយ។

ប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា គោលដៅរបស់យើង មិនមែនចង់បង្កើនជម្លោះយោធានោះទេ ប៉ុន្ដែផ្ទុយទៅវិញ យើងចង់បញ្ចប់សង្គ្រាមនេះ។ យើងនឹងព្យាយាមខិតខំបញ្ចប់ជម្លោះ ហើយបើវាបញ្ចប់កាន់តែឆាប់ ក៏កាន់តែល្អខ្លាំងណាស់»។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ ប្រចាំនៅសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «ពូទីន ធ្លាប់បានបង្ហាញយ៉ាងច្បាស់ថា គាត់មានសុច្ឆន្ទៈ នៅក្នុងការចរចា សម្រាប់ការបញ្ចប់សង្រ្គាម ដោយបានចាប់ផ្តើមជាមួយនឹងការលុកលុយរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈរហូតមក។ ប៉ុន្ដែផ្ទុយទៅវិញ សកម្មភាពគ្រប់យ៉ាងរបស់ពូទីន កំពុងតែវាយប្រហារតាមផ្លូវគោក និងអាកាស… តើអាចជឿទេថា គាត់ជាបុរសម្នាក់ ចង់បានសន្ដិភាពនោះ? តាមការពិត ពូទីន ចង់បន្តអំពើហិង្សា ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន ហើយគាត់កំពុងតែបង្កើននូវការធ្វើសង្រ្គាម កាន់តែខ្លាំងឡើង»។

រុស្ស៊ី បានថ្លែងជាដដែលៗ ថា ក្រុងមូស្គូ បើកចំហផ្លូវចរចាសន្ដិភាព។ ប៉ុន្ដែអ៊ុយក្រែន និង សម្ពន្ធមិត្តរបស់ក្រុងកៀវ សង្ស័យ ថា មានផែនការ អូសបន្លាយពេលវេលា ក្រោយពេលកម្លាំងទាហានរបស់ក្រុងមូស្គូ បានទទួលបរាជ័យជាបន្ដបន្ទាប់ និង ការដកទ័ពចេញពីតំបន់មួយចំនួន ដែលជាសន្ទុះ នៃការប្រែប្រួលស្ថានការណ៍សង្គ្រាម អស់រយៈពេល១០ខែមកនេះ ដើម្បីអនុគ្រោះដល់ក្រុងកៀវ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×