រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាញចារកម្មរបស់សហរដ្ឋអាមេរិក និង មន្រ្ដីជាន់ខ្ពស់របស់ចក្រភពអង់គ្លេស បានអះអាង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី គាំទ្រដោយវិមានក្រឹមឡាំង បានទិញគ្រឿងយុទ្ធោបករណ៍ ពីប្រទេសកូរ៉េខាងជើង ហើយនេះជាសញ្ញាមួយ បង្ហាញអំពីការអស់សង្ឃឹមរបស់លោក ពូទីន នៅក្នុងការងាកទៅរកជំនួយ ពីប្រទេសកុម្មុយនិស្ដឯកោមួយនេះ ដែលប្រឆាំងនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៣ ខែធ្នូ ថា ការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានរកឃើញ ថា កូរ៉េខាងជើង បានផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនគ្រឿងសព្វាវុធ ទៅឲ្យក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី ឈ្មោះ Wagner (វ៉ាគន័រ) ដែលមានកម្លាំងទាហានប្រមាណ ៥០ ០០០នាក់ កំពុងតែប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា កូរ៉េខាងជើង បានសម្រេចដឹកជញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើន បញ្ជូនទៅឲ្យក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group រួមមាន គ្រាប់រ៉ុក្កែត និង មីស៊ីល …ជាដើម។ ការវាយតម្លៃផ្នែកចារកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក បានកើតឡើង ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនដ៏ល្បីល្បាញរបស់រុស្ស៊ី មួយនេះ បាន និង កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គ្រាមរបស់ក្រុងម៉ូស្គូ ប្រឆាំងងនឹងអ៊ុយក្រែន។

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ ប្រចាំនៅសេតវិមាន បានបញ្ជាក់ ថា «យើងវាយតម្លៃឃើញ ថា ចំនួនគ្រឿងសឹកមួយចំនួន ត្រូវបានបញ្ជូនចេញពីប្រទេសកូរ៉េខាងជើង យកទៅផ្គត់ផ្គង់ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលកំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន។ ប៉ុន្ដែសកម្មភាពបែបនេះ នឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរស្ថានការណ៍ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែ នោះឡើយ។
ទោះជាយ៉ាងណា ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខ មកអះអាង ថា ក្រុងព្យុងយ៉ាង មិនបានផ្គត់ផ្គង់ ឬ លក់គ្រឿងសព្វាវុធណាមួយ បញ្ជូនទៅឲ្យក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី នោះឡើយ។ កូរ៉េខាងជើង សូមបដិសេធនូវសេចក្ដីរាយការណ៍ ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















