កណ្តាល ៖ ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម បានលើកឡើងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។ សម្ដេចបានក៏បានគូសបញ្ជាក់អំពីការកើតមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងគ្រឿងញៀនដែលត្រូវបានបង្រ្កាបពីអាជ្ញាធរ។

ទន្ទឹមគ្នានឹងការគូសបញ្ជាក់នេះ សម្ដេចបានអំពាវនាវឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការដល់ការបង្ការទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំផ្សព្វផ្សាយដល់អ្នកជុំវិញ និងចូលរួមរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសគ្រៀងញៀន ដែលជាសត្រូវដ៏ធំនៃការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី






