កំពង់ស្ពឺ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីល្បិចឧបាយកលរបស់ក្រុមប្រឆាំងដ៏គួរឲ្យអស់សំណើច ក្នុងការធ្វើប្រជាភិថុតិពាក់ព័ន្ធវិស័យកសិកម្ម ដោយនៅពេលពួកគេចូលផ្សារ សន្យាថា ធ្វើឱ្យអង្ករចុះថោក, លុះនៅពេលចុះដលើវាលស្រែ សន្យាថា នឹងធ្វើឱ្យស្រូវឡើងថ្លៃ, តើរឿងនេះ អាចធ្វើឱ្យអង្ករចុះថោកយ៉ាងម៉េចទៅ បើស្រូវឡើងថ្លៃទៅហើយនោះ?! ចំណែកការអនុវត្តជាគោលការណ៍ ពិត ហ្មត់ចត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលវិញ គឺ រាជរដ្ឋាភិបាល កំពុងពង្រីកទីផ្សារក្រៅប្រទេសជោគជ័យជាជំហានៗ សម្រេចបាន ពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងអាសិប ដែលមានអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន ៥ប្រទេសទៀត។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងរឿងប្រជាភិថុតិដ៏គួរឲ្យអស់សំណើចរបស់ក្រុមគណបក្សប្រឆាំងនេះ ក្នុងឱកាស អញ្ជើញជាអធិបតី បើកការដ្ឋាន កែលម្អផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ដោយសម្ដេចបានថ្លែងពីការហួសចិត្តថា សូមបងប្អូនប្រជាពលរដ្ឋ មេត្តាថ្លឹងថ្លែងឲ្យបានហ្មត់ចត់ ចំពោះការចេះតែដើរសន្យាបែបប្រជាភិថុតិ របស់ក្រុមអ្នកនយោបាយ ជាពិសេសក្រុមបក្សប្រឆាំង។
ពឹលចូលទៅក្នុងផ្សារ គេសួរថ្លៃអង្ករថា អង្ករមួយគីឡូប៉ុន្មាន ឧទាហរណ៍ មួយគីឡូ២០០០រៀល, គេថា ថ្លៃៗណាស់ៗ , បើគេធ្វើនាយករដ្ឋមន្ត្រីវិញ បក្សគេដឹកនាំរដ្ឋាភិបាល នឹងធ្វើឲ្យអង្ករមួយគីឡូត្រឹមតែ១៥០០រៀលទេ។ ដល់ពេលចេញពីផ្សារមកដល់វាលស្រែ គេទៅសួរកសិករថា ស្រូវមួយគីឡូប៉ុន្មាន? កសិករឆ្លើយថា មួយគីឡូ១០០០រៀល, គេថា ថោកណាស់ បើសិនគេធ្វើនាយករដ្ឋមន្ត្រី ឬបក្សគេកាន់រដ្ឋាភិបាលវិញ នឹងធ្វើឲ្យតម្លៃស្រូវក្នុងមួយគីឡូឡើងដល់ ២០០០រៀល។ អីចឹងបានថា ធ្វើរាជរដ្ឋាភិបាល វាមិនស្រួលទេ សូមប្រជាពលរដ្ឋរបស់យើង យោគយល់។

ការសន្យាបែបប្រជាភិថុតិ ក្រឡេចក្រឡុចផ្ទុយពីការពិតនេះ មានតែបក្សប្រឆាំងទេ ដែលអាចធ្វើទៅរួច, ចំណែករាជរដ្ឋាភិបាល មិនអាចធ្វើបានទេ ព្រោះវាជារឿងកុហកបោកប្រាស់ប្រជាពលរដ្ឋ, យើងសាកគិតលេងៗក៏រកឃើញការពិតដែរ គឺថា បើស្រូវវាឡើងថ្លៃទៅហើយនោះ តើអង្ករឯណាដែលត្រូវចុះថោក?!
វិស័យកសិកម្មនៅពេលបច្ចុប្បន្ន គឺជួបផលវិបាក ដោយនៅពេលផលិតបាន ប៉ុន្តែគ្មានទីផ្សារ បញ្ហាលំបាកនេះហើយ ដែលធ្វើឲ្យអ្នកនយោបាយ ទាញយកផលចំណេញរបស់ពួកគេ តាមរយៈការសន្យាបែបប្រជាភិថុតិ ដើរឃោសនាកុហកប្រជាពលរដ្ឋ ផ្ទុយពីការពិត។
បើអ៊ីចឹង យើងវិលត្រឡប់មកមើលបញ្ហាវិស័យកសិកម្មស្រូវ-អង្ករ របស់យើងវិញ , សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តខិតខំបន្ថែមទៀត ដើម្បីស្វែងរកទីផ្សារជូនកសិករ តាមរយៈការចរចា និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាំងទ្វេភាគីក្តី និងពហុភាគីក្តី ក្នុងនោះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ផលិតផលកសិកកម្មរបស់កម្ពុជា កាន់តែច្រើនឡើង បានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន និងកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ ក៏បានចូលជាធរមាននាពេលថ្មីៗនេះ ដូច្នេះកូរ៉េខាងត្បូង ក៏នឹងក្លាយទីផ្សារដ៏ធំរបស់កម្ពុជា។

ជាមួយគ្នានេះទៀត កិច្ចព្រមព្រៀងអាសិប ដែលមានអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន ៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ក៏រួមចំណែកដល់ការពង្រីកទីផ្សារកសិផលកម្ពុជាផងដែរ, ទាំងនេះហើយ គឺរាជរដ្ឋាភិបាល កំពុងតែរិះរកគុណតម្លៃលើផលិតផលកសិកម្ម និងការបង្កើនចំណូលជូនកសិករ និងប្រជាពលរដ្ឋដែលធ្វើអាជីវកម្ម និងស្រឡាញ់វិស័យកសិកម្ម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














