កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០២២ គប្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ហើយសម្រាប់អ្នកដែលប្រលងមិនជាប់ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងក៏បាន សំខាន់កុំបោះបង់ការសិក្សាឱ្យសោះ។
នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជន និងកីឡាដែលបានចាត់ចែងរៀបចំ ក្នុងការប្រឡងមធ្យមសិក្សាទុតរយៈភូមិប្រកបដោយភាពជោគជ័យនាពេលថ្មីៗកន្លងទៅនេះ។ សម្ដេចតេជោ ក៏បានថ្លែងនូវការអរគុណដល់ឪពុកម្ដាយ អាណាព្យាបាល និងក្មួយៗ ចៅៗទាំងអស់ ដែលបានចូលរួមប្រឡងបាក់ឌុបកន្លងទៅថ្មីៗនេះ ទោះបីជាទទួលបានិទ្ទេសអ្វីក៏ដោយ ឱ្យតែជាប់យើងអាចមានឱកាស ក្នុងការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ នៅពេលខាងមុខ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តដល់ក្មួយៗ ចៅៗ ដែលមិនបានជាប់ ឲ្យបន្តការសិក្សាមួយឆ្នាំទៀត ។

ការថ្លែងលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ មន្ត្រីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចការរៀបចំការប្រឡង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចាត់ចែងការប្រលងមធ្យមសិក្សាទុតិយភូមិនេះប្រកបដោយជោគជ័យ។
សម្ដេចបានបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានសិស្សប្រលងជាប់រហូតដល់៧២ភាគរយ ក្នុងនោះអ្នកទទួលបាននិទ្ទេស A មានជាង១,០០០នាក់ ខណៈនៅឆ្នាំ២០២១ សិស្សនិទ្ទេស A មានដល់ជាង១,៧០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីទទួលបាននិទ្ទេសណាក៏ដោយ ក៏គួរត្រេកអរនឹងលទ្ធផលដែលខ្លួនអាចធ្វើបាន ហើយកុំការអាក់អន់ចិត្តឱ្យសោះ សំខាន់គឺយើងបានប្រលងជាប់ នោះហើយជាក្ដីសង្ឃឹមដែលយើងអាចឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យ ចូលរៀននូវជំនាញដែលយើងប៉ងប្រាថ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តដល់សិស្សដែលប្រលងជាប់បាក់ឌុបឆ្នាំ២០២២ គប្បីឈានទៅបន្តការសិក្សានៅមហាវិទ្យាល័យបន្តទៀត ហើយសម្រាប់អ្នកដែលប្រលងមិនជាប់ ត្រូវបន្តសិក្សាត្រៀមប្រលងនៅឆ្នាំក្រោយ ឬអាចចូលសិក្សាថ្នាក់បរិញ្ញាបត្ររងក៏បាន សំខាន់កុំបោះបង់ការសិក្សាឱ្យសោះ។ រឿងដែលសំខាន់គឺត្រូវឈានទៅបន្តការសិក្សា នៅមហាវិទ្យាល័យតទៅទៀត ខ្ញុំសូមអំពាវនាវចំពោះសិស្សដែលប្រលងមិនជាប់ សូមបន្តការសិក្សាទៀត ហើយត្រូវប្រឹងប្រែងធ្វើឱ្យបានល្អក្នុងការប្រលងនៅឆ្នាំក្រោយ ឬអាចចូលរៀនបរិញ្ញាបត្ររងនៅមហាវិទ្យាល័យក៏បាន។
សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះអ្នកគ្រូអក្ខរកម្មម្នាក់ នៅខេត្តឧត្តរមានជ័យដែលមានអាយុ៥៤ឆ្នាំ ជាអាយុច្រើនជាងគេ ក្នុងចំណោមបេក្ខជនប្រលងឆ្នាំ២០២២ តែអ្នកគ្រូនៅតែមិនបោះបង់់ការខិតខំ និងការចូលប្រលងបាក់ឌុបនឹងគេ។ ទោះបីអ្នកគ្រូប្រលងឆ្នាំនេះមិនជាប់ ប៉ុន្តែគាត់នៅតែតាំងចិត្តសិក្សា និងត្រៀមចូលប្រឡងនៅឆ្នាំក្រោយទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់កុមារា ដែលមានអាយុត្រឹមតែ១៣ឆ្នាំ៣ខែ៥ថ្ងៃ (គិតត្រឹមសម័យប្រលង ៥ ធ្នូ ២០២២) ដែលមានអាយុតិចជាងគេក្នុងចំណោមបបេក្ខជនប្រឡងបាក់ឌុបនេះ ហើយបានប្រឡងជាប់ និងត្រៀមចូលរៀនជំនាញស្ថាបត្យកម្ម និងព័ត៌មានវិទ្យានៅថ្នាក់បរិញ្ញាបត្រ។

សម្ដេចតេជោបានបញ្ជាក់ទៀតថា ការប្រលងនេះនៅតែរឹងបន្តឹង ដោយមិនមានការបន្ធូរបន្ថយនោះទេ។ រាជរដ្ឋាភិបាលក៏នៅតែខិតខំជំរុញគុណភាពនៃការសិក្សាក្នុងប្រទេសឱ្យប្រសើរឡើងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ សម្ដេចនឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទាំងជាង១០០០នាក់នោះ ព្រមទាំងមានកាដូ ipad សម្រាប់ចែកជូនពួកគេម្នាក់១គ្រឿងផងដែរ។ សម្ដេចតេជោក៏បានអំពាវនាវឱ្យខេត្តនីមួយៗ គប្បីមានការលើកទឹកចិត្តដល់សិស្សពូកែក្នុងខេត្តរបស់ខ្លួនទៅតាមលទ្ធភាពរៀងៗខ្លួន៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី



