Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីអ៊ុយក្រែន ស្នើឱ្យឥណ្ឌាជួយ ផ្ដល់រូបមន្ដសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាមវិនាសកម្ម

ក្រោយមេដឹកនាំចិន និងឥណ្ឌា បានអំពាវនាវឱ្យមានការចរចា បញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី នៅឯអង្គការសហប្រជាជាតិ ដោយសុំឱ្យបញ្ឈប់ការគាំទ្ររបស់សម្ព័ន្ធមិត្តទៅលើប្រទេសទាំង២នេះ ហើយបែរមកជំរុញឲ្យមានការចរចាវិញនោះ ថ្មីៗនេះ លោកប្រធានាធិបតី ហ្សេឡែនស្គី បានហៅទូរស័ព្ទទៅកាន់ លោកនាយករដ្ឋមន្រ្ដីឥណ្ឌា មូឌី ស្នើសុំឱ្យជួយផ្ដល់រូបមន្តសន្តិភាពចំពោះអ៊ុយក្រែន និងរុស្ស៊ី។

ការស្នើសុំរូបមន្តសន្តិភាពរបស់ លោក ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែននេះ ធ្វើឡើងចំពេលក្រុងញូវដេលី កំពុងតែស្វះស្វែងរកការពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោក ណារ៉ែនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា ថ្មីៗនេះ រូបគាត់បានសុំការជួយពីប្រទេសឥណ្ឌ ដោយសុំការរៀបចំឱ្យមានការអនុវត្ដរូបមន្ដសន្ដិភាពដល់ការបញ្ចប់សង្គ្រាមនៃប្រទេសទាំងពីរអ៊ុយក្រែន-រុស្ស៊ី។

ការសន្ទនាគ្នាកាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូ ម្សិលមិញនេះ បានកើតឡើងចំពេលឥណ្ឌាកំពុងតែចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងក្រុងមូស្គូ ខណៈបណ្ដាប្រទេសបស្ចិមលោក បានបង្ហាញ អំពីវិធានការថ្មីៗជាច្រើន ដើម្បីកំណត់ទៅលើប្រាក់ចំណូលរបស់រុស្ស៊ី សម្រាប់ការធ្វើសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្ដាញសង្គមធ្វីតធើររបស់ខ្លួនថា ខ្ញុំបានសន្ទនាតាមទូរស័ព្ទ ជាមួយនឹងនាយករដ្ឋមន្រ្ដីឥណ្ឌា លោក ណារ៉ែនដ្រា មូឌី និងជូនពរគាត់ដល់ការធ្វើជាប្រធាន G20 ប្រកបដោយជោគជ័យ។ នេះជាវេទិកា ដែលខ្ញុំប្រកាសស្នើសុំអំពីរូបមន្ដសន្ដិភាព ហើយឥឡូវនេះ ខ្ញុំពឹងផ្អែកលើការចូលរួមរបស់ឥណ្ឌា នៅក្នុងការអនុវត្តរូបមន្ដនេះ។

លោក ហ្សេឡែនស្គី បានស្នើដល់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតនៃ G20 កាលពីខែមុន ឱ្យអនុម័តរូបមន្តសន្តិភាព ចំនួន១០ចំណុចរបស់អ៊ុយក្រែន សម្រាប់ការបញ្ចប់សង្រ្គាម។ ឥឡូវនេះ ឥណ្ឌា កាន់តំណែងជាប្រធាន G20 រយៈពេល១ឆ្នាំ បន្ដពីប្រទេសឥណ្ឌូណេស៊ី។

រឿងនេះ រដ្ឋាភិបាលឥណ្ឌា បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ថា មេដឹកនាំប្រទេសទាំង២ បានពិភាក្សាគ្នាអំពីឱកាសនានា សម្រាប់ពង្រឹងកិច្ចសហប្រតិបត្ដិការ។ លោកនាយករដ្ឋមន្រ្ដីឥណ្ឌា បានពន្យល់អំពីអាទិភាពចម្បង នៅក្នុងឋានៈជាប្រធាន G20 របស់ឥណ្ឌា រួមទាំងការផ្ដល់សំឡេងពាក់ព័ន្ធជាមួយនឹងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដោយផ្ដោតលើបញ្ហាជាច្រើន មានដូចជា សន្ដិសុខស្បៀងអាហារ និងថាមពល…ជាដើម។

លោក មូឌី ក៏បានអំពាវនាវជាដដែល ជំរុញឲ្យបញ្ចប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់ ហើយបានបង្ហាញ អំពីការគាំទ្ររបស់ឥណ្ឌា សម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពណាមួយឲ្យកើតឡើង សម្រាប់ប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាមនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×