Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រត់ភៀសខ្លួនតាមសមុទ្រចេញពីភូមា មកកាន់ឥណ្ឌូណេស៊ី

រដ្ឋធានីហ្សាការតា៖ ការធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ ពីទាហានមីយ៉ាន់ម៉ា បាន និង កំពុងតែធ្វើឲ្យជនជាតិភាគតិមូស្លីមរ៉ូហ៊ីងយ៉ា រត់ភៀសខ្លួន ចេញពីប្រទេសអាស៊ានមួយនេះ ដោយខ្លះបានរត់ទៅកាន់ប្រទេសបង់ក្លាដែស និង បណ្ដាប្រទេសផ្សេងៗទៀត ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ អំពីជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ប្រហែលជិត២០០នាក់ បានរត់តាមទូក ឆ្លងកាត់សមុទ្រ អស់រយៈពេលជាច្រើនសប្ដាហ៍ ទៅសុំសិទ្ធិជ្រកកោណ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៧ ខែធ្នូ ថា ទូកមួយគ្រឿង បានដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង១៨០នាក់ រត់ភៀសខ្លួន ចេញពីប្រទេសមីយ៉ាន់ម៉ា។ ទូករបស់ពួកគេ គ្មានភ្លើង ហើយបានរសាត់អណ្ដែត អស់រយៈពេលជាច្រើនថ្ងៃ ទម្រាំទៅដល់ខេត្តអាសេ (Aceh) ប្រទេសឥណ្ឌូណេស៊ី និង សុំសិទ្ធិជ្រកកោណ នៅទីនោះ។ នេះជាទូកទី២របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានទៅដល់ខេត្តអាសេ នៅក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងមកនេះ។

ជនជាតិរ៉ូហ៊ីងយ៉ា បានរងនូវការធ្វើបាបយ៉ាងខ្លាំង នៅតាមភូមិឋានរបស់ពួកគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ឥឡូវនេះ ជនជាតិរ៉ូហ៊ីងយ៉ា ជាងមួយលាននាក់ កំពុងតែរស់ នៅក្នុងជំរំយ៉ាងចង្អៀតណែនតាន់តាប់ ស្ថិតនៅភាគខាងត្បូង ប្រទេសបង់ក្លាដែស ក្រោយពេលពួកគេ បានរត់ភៀសខ្លួន គេចចេញពីយុទ្ធនាការ ប្រឆាំងនឹងពួកគេ បង្កឡើង ដោយយោធាមីយ៉ាន់ម៉ា។ សកម្មភាពរបស់កងទ័ពមីយ៉ាន់ម៉ា ធ្វើឲ្យអង្គការសហប្រជាជាតិ ជឿ ថា អាចឈានដល់ការប្រល័យពូជសាសន៍។

ក្រុមសកម្មជន និង សមាជិកគ្រួសារ អាចហៅទូរស័ព្ទបានម្តងម្កាលទៅកាន់ទូករបស់ពួកគេ ដែលកំពុងតែធ្វើដំណើរតាមសមុទ្រ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់អាជ្ញាធរឥណ្ឌា និងឥណ្ឌូណេស៊ី ឱ្យជួយ។ មនុស្ស នៅលើទូក ដែលបានរត់ភៀសខ្លួននោះ បានអះអាង ថា ពួកគេមានការស្រេកឃ្លានយ៉ាងខ្លាំង ហើយមនុស្សជាច្រើនបានស្លាប់ នៅតាមទូក។

ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពជើងទឹកឥណ្ឌា បានផ្តល់អាហារ និង ទឹកខ្លះៗ ជួយដល់ពួកគេ ហើយបានអូសទូករបស់ជនភៀសខ្លួននេះ ត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាកន្លែងដែលពួកគេបានរសាត់អណ្ដែត នៅលើសមុទ្រ អស់រយៈពេលជាច្រើនថ្ងៃ ដែលមានចម្ងាយប្រហែល ១ ៩០០គីឡូម៉ែត្រ ពីកន្លែងដែលពួកគេធ្លាប់រស់នៅ៕

×