កំពង់ស្ពឺ ៖ ឆ្លើយតបនឹងសំណួរថា ពួកខ្លួនធ្លាប់ជេរតិះដៀលមេដឹកនាំនៃប្រទេសកម្ពុជា ជាពិសេសជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តើពួកខ្លួនអាចទៅលេងកម្សាន្តក្នុងប្រទេសកម្ពុជា មានហានិភ័យដែរឬយ៉ាងណា?! សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹនាំដោយគណបបក្សប្រជាជន គឺមិនរារាំងប្រជាជនខ្មែរណាម្នាក់ ដែលរស់នៅក្រៅប្រទេស ធ្លាប់ជេរថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ហើយមានបំណងមកលេងប្រទេសកម្ពុជានោះទេ លុះត្រាតែពួកគាត់មានជាប់ដីការបស់តុលាការ ពាក់ព័ន្ធនឹងបទល្មើសណាមួយ។

ជាការដោះមន្ទិលសង្ស័យចំពោះពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួនដែលធ្លាប់តែមើលមកលើការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងផ្លូវអាក្រក់នោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ជេររដ្ឋាភិបាលកម្ពុជា និងមានបំណងមកលេងប្រទេសកម្ពុជា សូមអញ្ជើញមកលេងចុះ ដើម្បីមើលឱ្យបានច្បាស់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានស្ថានភាពយ៉ាងម៉េចខ្លះ ជៀសវាងស្តាប់តែជនខិលខូចមួយចំនួនតូចនិយាយបំភ្លើស មួលបង្កាច់ខុសពីស្ថានភាពពិតរបស់កម្ពុជា។
ការបើកទូលាយបេះដូង របស់ សម្តេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន កែលម្អ ផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ប៉ុន្តែ ទោះជាយ៉ាងណា សម្ដេចសង្កត់ថា យើងបានដឹងរួចស្រេចទៅហើយថា ប្រសិនបើជនខិលខូចទាំងនោះមានចេតនាបំផ្លាញការពិតរបស់កម្ពុជាហើយនោះ បើទោះបីជារដ្ឋាភិបាលខិតខំធ្វើល្អយ៉ាងណាក៏ដោយ ក៏គេនៅតែមានចេតនាអាក្រក់ដដែល, ប៉ុន្តែ ណ្ហើយចុះ សម្បទានបេះដូងជូនអ្នកឯងចុះ ដោយហេតុថា ទោះជាយ៉ាងណា គ្មានអ្វីអាចឈ្នះការពិតនោះទេ។
មានមនុស្សមួយចំនួន គេចាត់ទុកថា ស្រុកខ្មែរអាក្រក់មិនចាំបាច់មកទេ, រឿងនេះ ខ្ញុំក៏មិនចាំបាច់អង្វរករគេឱ្យមកដែរ, អ្នកឯងគិតថា ធ្លាប់បានជេររាជរដ្ឋាភិបាលមិនហ៊ានមកលេងប្រទេស… អត់អីទេ សូមអញ្ជើញមកចុះ , ប៉ុន្តែ ករណីមិនអាច គឺវាទាល់តែមានដីកាពីតុលាការ អាហ្នឹងទើបវាជាបញ្ហា, ចំណែកអ្នកដែលអត់មានដីកាតុលាការ សូមអញ្ជើញមកលេងស្រុកចុះ មកមើលថា តើវាដូចគេនិយាយទេ។ រឿងនេះ បើអ្នកចិញ្ចឹមចិត្តមានចេតនាបំផ្លាញហើយ បើទោះបីជាយើងធ្វើល្អប៉ុណ្ណា ក៏នៅតែដដែលហ្នឹង…!។
អ្វីជាការហួសចិត្តនោះ គឺក្រុមប្រឆាំង ដែលមិនចេះអបអរសាទរចំពោះសមិទ្ធផលនានារបស់ជាតិនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN




