Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន កំពុងតាមដានចំពោះសំណុំរឿងប្តឹងបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ពីសំណាក់អ្នកឧកញ៉ាម្នាក់ លើករណីឆបោកក្នុងទឹកប្រាក់ ៣៦ លានដុល្លារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅកាន់ស្ថាប័នតុលាការ កុំឱ្យប្រញាប់ប្រញាលចំពោះរឿងចាប់ចងម​នុស្ស ក្នុងសំណុំរឿងរដ្ឋប្បវេណី ហើយសម្តេចនឹងតាមដានចំពោះសំណុំរឿងប្តឹងបុគ្គលិកទូរទស្សន៍បាយ័ន លើករណីឆបោកក្នុងទឹកប្រាក់៣៦លានដុល្លារ។

ថ្លែងក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចបានថ្លែងថា នៅថ្ងៃនេះសម្តេចបានទទួលព័ត៌មានអំពីការចាប់ខ្លួនបុគ្គលិកទូរទស្សន៍បាយ័នម្នាក់ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបញ្ជាតុលាការ ក្រោយពីមានបណ្តឹងពីអ្នកឧកញ៉ាម្នាក់ថា បានចូលរួមឆបោកក្នុងទឹកប្រាក់៣៦លានដុល្លារ។ ចំពោះករណីនេះ សម្តេចក៏បានចេញមុខធានាឱ្យនៅក្រៅឃុំ ហើយជំរុញឱ្យមេធាវីរបស់សម្តេចចេញការពារក្តីឱ្យបុគ្គលិកទូរទស្សន៍បាយ័នរូបនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើល្មោភតែរឿងចាប់ចងហ្នឹង វាយ៉ាងម៉េច? ឥឡូវខ្ញុំបញ្ជូនមេធាវីរបស់ខ្ញុំទៅជួយការពារតែម្តង ហើយវាទាក់ទងជាមួយនឹងអ្នកឧកញ៉ា ដែលគេមានប្រាក់កាកនោះ រួចហើយខាងយើងផ្នែកតុលាការ អាងឡើងចាប់គ្រឹបៗ អារឿងរដ្ឋប្បវេណីយើងកោះហៅទៅបានទេ ដើម្បីពិភាក្សាមើល ហើយអាងតែពីរឿងចាប់រឿងចងអញ្ចឹង រួចហើយគេមើលពីក្រៅមកគេមិនមានដឹងថាតុលាការឯណា គេដឹងតែពី ហ៊ុន សែន តែម្តង ក្នុងពេលដែលយើងអត់ដឹងផង។ពួកយើងហ្នឹង កុំប្រញាប់ប្រញាលចាប់លឿនពេកបានទេ ខ្ញុំសូមអង្វរ បើអស់លោកធ្វើតែអញ្ចឹង តើក្នុងគុកយកទៅដាក់កន្លែង រួចហើយទៅគាបគ្នាសួរចម្លើយ។

សម្តេចក៏បានរិះគន់ផងដែរចំពោះអ្នកដែលរកស៊ីមានងារជាឧកញ៉ារូបនោះ ដែលបានចោទប្រកាន់ទៅលើបុគ្គលបាយ័នថា ចូលរួមបោកប្រាស់ប្រាក់រាប់សិបលានដុល្លារ ខណៈដែលអ្នកព័ត៌មានរូបនោះ រកតែបាយហូបសឹងមិនបានផង។ សម្តេចបានបន្តថា ក្នុងពេលដែលគេចាប់ខ្លួនបុគ្គលិកបាយ័ននោះ ក៏មានមេធាវីទៅបង្កប់ទារលុយប្រពន្ធរបស់គាត់ចំនួន៥ពាន់ដុល្លារថែមទៀត ខណៈដែលគ្នាមិនមានលុយឡើយ។ចុះបើមាន៣៦លានដុល្លារ តើចាំបាច់ទៅវេទនា អានព័ត៌មាននៅទូរទស្សន៍បាយ័នធ្វើអ្វី អញ្ចឹងបានថា រឿងអញ្ចឹងៗ យើងមើលផងទៅមើល កុំអាងតែមានអំណាចកុំអាងតែមាននេះ ចេះតែចាប់ចេះតែចងចាប់ចងៗ រួចហើយអ្នកដែលវេទនាជាងគេ គឺនាយករដ្ឋមន្ត្រី ម្ខាងត្រូវគេចោទថា អាងតែរដ្ឋបាលចាប់ តែតុលាការវាអ្នកបញ្ជាចាប់។

សម្តេចក៏បានណែនាំទៅកាន់មេនគរបាលយុត្តិធម៌ ទាំងអង្គភាពនគរបាល និងអង្គភាពអាវុធហត្ថ កុំចេះតែទៅចាប់ទាំងងងឹតងងុល។ ស​ម្តេចបានអះអាងថា រឿងនេះសម្តេចក៏ប្រាប់ទៅ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផងដែរ ហើយសម្តេចនឹងតាម​មើលថា តើករណីនេះជាករណីពិត ឬអយុត្តិធម៌ ហើយនរណាជាអ្នកបោកលុយ៣៦លានដុល្លារ ខណៈដែលជនដែលត្រូវបានចាប់ខ្លួនរកបានតែមួយគ្រប់ៗ ហើយមានបាយ័នជួយចិញ្ចឹមផងនោះ។ ករណីនេះជារឿងហួសហេតុខ្លាំងពេក។ សម្តេចក៏បានព្រមានទៅនគរបាលយុត្តិធម៌ ទាំងនៅអង្គភាពនគរបាល និងអាវុធហត្ថ ដោយលើកឡើងថា កុំថាឡើយពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏សម្តេចមានលទ្ធភាពក្នុងការដកចេញបានដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិវាទដីធ្លីមានតែការដោះស្រាយក្រៅប្រព័ន្ធតុលាការ ទើបងាយស្រួល។
សម្តេចតេជោ ហ៊ុន សែន ទទូចតុលាការកុំពូកែតែរឿងចាប់ចង។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យលើរឿងបុគ្គលិកទូរទស្សន៍បាយ័នដែលគេចាប់ខ្លួន តើរឿងពិតបែបណា? សម្តេចតេជោ ហ៊ុន សែន ណែនាំដល់នគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ កុំពូកែរឿងចាប់ចងតាមបញ្ជារបស់តុលាការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានយុត្តិធម៌៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×