វៀតណាម ៖ ក្រុមអ្នកជួញដូរគ្រឿងអលង្ការ និងមាសបានឱ្យដឹងថា តម្លៃមាសនៅប្រទេសវៀតណាមមានការកើនឡើង ខណៈមាសនៅលើទីផ្សារពិភពលោកមិនប្រែប្រួលនោះទេ ដោយពួកគេបញ្ជាក់ថា តម្លៃមាសនៅក្រុមហ៊ុន សាយហ្កន ជេវើរី ហូលឌីង ខូ (Saigon Jewelry Holding Co) របស់ប្រទេសវៀតណាមបានកើនឡើង ០,៧៤% ដល់ ៦៧លានដុង (២ ៨៣៧,១៨ដុល្លារ) ក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ, តែតម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៧៤% មកនៅត្រឹម ៥៣,៨៥លានដុង (២ ២៥១,២៥) ក្នុងមួយតម្លឹង។

បើតាមកាសែត VN Express ក្នុងប្រទេសវៀតណាម បានផ្សាយថា ក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ការប្រើប្រាស់មាសនៅប្រទេសវៀតណាមបានកើនឡើងដល់ ៤៥,៦តោនក្នុងរយៈពេល ៩ខែ ដំបូងនៃឆ្នាំ២០២២ ធៀបនឹង ៤៥ តោនក្នុងអំឡុងពេលដូចគ្នានៅក្នុងឆ្នាំ២០១៩ មុនពេលមានការរាតត្បាតកូវីដ-១៩។

ក្រុមប្រឹក្សាមាសពិភពលោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ តម្រូវការមាសរបស់ប្រទេសវៀតណាមកើនឡើងជាង ៣ដង ដល់១២តោន ពោលគឺ កើនឡើង ៣,៣តោន បើធៀបនឹងឆ្នាំមុន, ប៉ុន្តែទោះជាយ៉ាងណា តម្លៃមាសសាកលនៅតែមិនប្រែប្រួលនោះទេ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







