រុស្ស៊ី ៖ មន្ត្រីជាន់ខ្ពស់រុស្សី លើកឡើងថា ប្រទេសខ្លួនអាចនឹងបង្កើនការនាំចេញប្រេងឆៅ ទៅកាន់ប្រទេសសម្ព័ន្ធមិត្តនានា ប្រសិនបើការហាមឃាត់របស់សហភាពអឺរ៉ុបនៅតែរឹតបន្តឹងលើការចម្រាញ់ប្រេងរបស់ខ្លួន, ដោយពេលនេះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក អាឡិចសាន់ដឺ ណូវ៉ាក (Alexander Novak) បានឱ្យដឹងថា ប្រទេសរុស្ស៊ី អាចនឹងបង្កើនការនាំចេញប្រេងឆៅរបស់ខ្លួន ប្រសិនបើសហភាពអឺរ៉ុប នៅតែរឹតបន្តឹងក្រាស់ហាមឃាត់លើការនាំចូលប្រេងឥន្ធនៈរបស់ប្រទេសនេះ បង្កឱ្យទិន្នផលការចម្រាញ់ប្រេងធ្លាក់ចុះទាបនោះ។

បើតាមទីភ្នាក់ងារព័ត៌មាន ប៊្លូមប៊ឺក (Bloomberg) រាយការណ៍ដោយដកស្រង់សម្ដី លោក អាឡិចសាន់ដឺ ណូវ៉ាក ខណៈថ្លែង ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ីថា ប្រសិនបើមានបញ្ហាជាមួយនឹងការលក់ផលិតផលប្រេង ការនាំចេញប្រេងឆៅបន្ថែមអាចនឹងធ្វើឡើងជំនួសការចម្រាញ់ប្រេងក្នុងកម្រិតណាមួយ, ដូច្នេះ រុស្ស៊ី នៅតែមានលទ្ធភាព ដែលការហាមឃាត់របស់សហភាពអឺរ៉ុប នឹងមិនប៉ះពាល់ដល់ការចម្រាញ់ប្រេងរបស់ខ្លួនទាល់តែសោះ។

គួរបញ្ជាក់ថា ការហាមប្រាមរបស់សហភាពអឺរ៉ុបលើការនាំចូលផលិតផលប្រេងពីរុស្សី ចូលជាធរមានចាប់ពីរុស្ស៊ីបើកប្រតិបត្តិការយោធាលុកលុយទៅក្នុងប្រទេសអ៊ីក្រែនកាលពីអំឡុងខែកុម្ភៈ និងថែមទាំងបានរឹតបន្តឹងបន្ថែមទៀតលើការដាក់កំណត់ តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី។
ទោះជាយ៉ាងណា លោក អាឡិចសាន់ដឺ ណូវ៉ាក បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងផលិតប្រេងយ៉ាងហោចណាស់ពី ៤៩០លាន ទៅ ៥០០លានតោននៅឆ្នាំក្រោយ, បរិមាណនេះស្មើនឹងប្រហែល ៩,៨៤លាន ទៅ ១០,០៤លានបារ៉ែលក្នុងមួយថ្ងៃ បញ្ជូនទៅកាន់ប្រទេសនានាដែលជាសម្ព័ន្ធមិត្ត, ហើយសម្រាប់ឆ្នាំ២០២២នេះវិញ ប្រទេសរុស្ស៊ីបានផលិតប្រេងចំនួន ៥៣៥លានតោន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN









