Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីតៃវ៉ាន់ សម្រេចបង្កើនរយៈពេលបំពេញកាតព្វកិច្ចយោធាហ្វឹកហ្វឺនតឹងរ៉ឹងជាងមុនឱ្យក្លាយជាមន្ត្រីយោធាជំនាញ

តៃវ៉ាន់ ៖ រដ្ឋបាលដែនកោះតៃវ៉ាន់ នឹងបង្កើនរយៈពេលបំពេញកាតព្វកិច្ចយោធាឱ្យដល់១ឆ្នាំ ឆ្លើយតបទៅនឹងស្ថានភាពនៃការដាក់សម្ពាធរបស់ចិន ដោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានប្រកាសនៅថ្ងៃអង្គារនេះថា រយៈពេលនៃការចូលបំពេញ កាតព្វកិច្ចយោធារបស់ប្រជាជនតៃវ៉ាន់ នឹងត្រូវបង្កើនពី៤ខែ ឱ្យឡើងដល់១ឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ ដោយសារតែការកើនឡើង នៃការគំរាមកំហែងពីចិន។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្ការ ទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ជាមួយក្រុមមន្រ្តីសន្តិសុខជាន់ខ្ពស់របស់ដែនកោះតៃវ៉ាន់ លោកស្រីប្រធានាធិបតីតៃវ៉ាន់រូបនេះ បាននិយាយថា តៃវ៉ាន់ចង់បានសុខសន្តិភាព ប៉ុន្តែចាំបាច់ត្រូវមានសមត្ថភាពដើម្បីការពារខ្លួនឯង។

លោកស្រី សៃ អ៉ីងវិន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន រយៈពេល៤ខែ នៃការចូលបំពេញកាតព្វកិច្ចយោធា គឺមិនគ្រប់គ្រាន់សម្រាប់ស្ថានការណ៍ក្នុងតំបន់ ដែលមានការផ្លាស់ប្តូរ យ៉ាងឆាប់រហ័សជាខ្លាំងនោះឡើយ, យើងបានសម្រេចចិត្តថានឹងស្តារឡើងវិញ គឺនឹងបង្កើនរយៈពេលនៃការបំពេញកាតព្វកិច្ចយោធានេះ ឱ្យឡើងដល់១ឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ។

គួរបញ្ជាក់ថា កន្លងមក រដ្ឋបាលតៃវ៉ាន់បានបន្ថយរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធាពី១ឆ្នាំ មកនៅត្រឹម ៤ខែ ដូចពេល បច្ចុប្បន្ន, ប៉ុន្តែការស្ទង់មតិមួយរយៈចុងក្រោយនេះ បានបង្ហាញថា មានច្រើនជាងមួយភាគបីនៃសាធារណជនតៃវ៉ាន់ ជឿជាក់ថា រយៈពេល៤ខែ គឺហាក់ខ្លីពេកហើយ។

ទាក់ទងនឹងការបំពេញកាតព្វកិច្ចយោធានេះដែរ លោកស្រី សៃ អ៉ីងវិន បានគូសបញ្ជាក់ថា អ្នកដែលចូលបំពេញកាតព្វកិច្ចយោធា ក៏នឹងត្រូវឆ្លងកាត់ការហ្វឹកហ្វឺនតឹងរ៉ឹងជាងមុន រួមមានទាំងការហាត់ បាញ់កាំភ្លើង, ការរៀនសូត្រអំពីយុទ្ធសាស្រ្តប្រយុទ្ធ ដែលប្រើប្រាស់ដោយកងទ័ពអាមេរិក និងការធ្វើប្រតិបត្តិការសព្វាវុធទំនើបៗ ដូចជាមីស៉ីលប្រឆាំងយន្តហោះ ស្ទីងហ្គើរ (Stinger) ហើយនិងមីស៉ីលប្រឆាំងរថក្រោះ ជាដើម, ការធ្វើបែបនេះ គឺដើម្បីឱ្យប្រជាជនក្លាយជាមន្ត្រីយោធាមានជំនាញពិតប្រាកដ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×