Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកប្រាក់ក្នុងវិស័យសំណង់នៅកម្ពុជា ឆ្នាំ២០២២ ធ្លាក់ចុះជិត ៥០%

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ បានឲ្យដឹងថា ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានតម្លៃទឹកប្រាក់ប៉ាន់ស្មានសរុបប្រមាណ ២,៦៣ ពាន់លានដុល្លារ នៅឆ្នាំ២០២២ បានធ្លាក់ចុះជិត ៥០% បើធៀបនឹងឆ្នាំ ២០២១កន្លងទៅ។

របាយការណ៍ក្រសួង បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២នេះ ទិន្នន័យសំណង់ទូទាំងប្រទេសមានចំនួនប្រមាណ ៣.៨២៧គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ៦,៥៩លានម៉ែត្រក្រឡា បើប្រៀបធៀបកាលពីឆ្នាំ ២០២១ មានចំនួន ៣.៩២៥គម្រោង និងមានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ១២,៦៨លានម៉ែត្រក្រឡា ជាមួយនឹងតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,២១ពាន់លានដុល្លារ។

សូមជម្រាបថា វិស័យសំណង់ ស្ថិតក្នុងចំណោមវិស័យសំខាន់ៗមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បើទោះបីជាពេលនេះជំងឺនេះ ត្រូវបានធូរស្រាល និងគ្រប់បានទាំង​ស្រុងក្តី ប៉ុន្តែពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាដ៏ស្មុគស្មាញជាច្រើនរាប់ចាប់តាំងវិបត្តិថាមពល ការហក់ឡើងកម្រិតអតិផរណាជាសកល សង្គ្រាមរុស្ស៊ី អ៊ុយក្រែន ភូមិសាស្ត្រនយោបាយ និងបញ្ហាវិបត្តិវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន ដែលជាប្រភពវិនិយោគដ៏សំខាន់របស់កម្ពុជា។ ការព្រួយបារម្ភថា ពិភពលោកអាចធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ប្រសិនបើបញ្ហាទាំងអម្បាលម៉ាននេះបន្តអូសបន្លាយរយៈពេលយូរ។​

គិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួង បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៦១.៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន១៧៣ លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុន វិនិយោគសរុបប្រមាណ ៦៨,៨៣ពាន់លានដុល្លារ។

គួរបញ្ជាក់ថា បើតាមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានវាយតម្លៃថា វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែអាចផ្តល់អត្ថប្រយោជន៍ និងប្រាក់ចំណេញខ្ពស់នៅក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ ហើយលោកជឿជាក់ថា នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខ វិនិយោគិនកម្ពុជនឹងអាចឈានជើងទៅវិនិយោគលើវិស័យអចលនទ្រព្យនៅតាមប្រទេសនានានៅអាស៊ាន និងក្នុងតំបន់៕

×