ភ្នំពេញ៖ រដូវធ្វើត្រីប្រហុក ផ្អក បានចាប់ផ្ដើមហើយ ជាមួយការអំពាវនាវរបស់អាជ្ញាធរ ឱ្យពលរដ្ឋមកទិញត្រីធ្វើប្រហុកផ្អកនៅឆ្នាំ២០២២នេះ។ វាជារដូវកាល ដែលប្រជានេសាទតាមដងទន្លេសាបត្រូវបានអនុញ្ញាត ខណៈពលរដ្ឋផ្សេងទៀត បានសម្រុកទិញត្រីទាំងនោះ ពីប្រជានេសាទ ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរសម្រាប់ទំនុកបម្រុងបរិភោគប្រចាំឆ្នាំ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានឲ្យដឹងថា រដូវត្រីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ សម្រាប់ឆ្នាំនេះ បានចាប់ផ្ដើមមានចំនួនកើនឡើង ហើយត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ កាន់តែសម្បូរច្រើនឡើង ដោយសារតែកម្ពស់ទឹកទន្លេសាបក្នុងឆ្នាំនេះ មានស្ថានភាពល្អ និងប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ ដែលធ្វើឲ្យត្រីសម្រាប់ធ្វើប្រហុកនៅឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន។

លោក បន្តថា តម្លៃត្រីដែលឈ្មួញកណ្ដាលទិញពីម្ចាស់ មានតម្លៃចន្លោះពី ២០០០ ទៅ ២២០០រៀលក្នុងមួយគីឡូក្រាម ហើយលក់ចេញវិញ តម្លៃអាចលើសពីនេះ។ ប៉ុន្តែតម្លៃនេះអាចចុះមកវិញនូវចន្លោះពី ១ ០០០ ទៅ ៨០០រៀលក្នុងមួយគីឡូក្រាម។ ត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ជាប្រភេទត្រីរៀល ត្រីស្លឹកឫស្សី និងត្រីចន្ទាសភ្លុក។

រដ្ឋបាលជលផល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមប្រញាប់មកទិញត្រីឱ្យបានរួសរាន់ ព្រោះត្រីកំពុងសម្បូរ៕