Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីរ៉ង់ មានមោទនភាព លើការអះអាងរបស់បស្ចិមលោក ចំពោះប្រសិទ្ធភាពដ្រូនរបស់ខ្លួន

រដ្ឋធានីតេអ៊ីរ៉ង់៖ ក្រោយពេលអ៊ុយក្រែន និង បណ្ដាប្រទេសមហាអំណាចលោកខាងលិច បានចោទប្រកាន់ជាញឹកញាប់ដល់អ៊ីរ៉ង់ អំពីការបញ្ជូនយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅកាន់រុស្ស៊ី នោះមក ក្រុងតេអ៊ីរ៉ង់ កាលពីដើមខែវិច្ឆិកា ក៏បានទទួលស្គាល់ អំពីសកម្មភាពរបស់ខ្លួន បានបញ្ជូនគ្រឿងសឹកប្រភេទនេះ ទៅឲ្យក្រុងមូស្គូ ហើយឥឡូវនេះ ថែមទាំងអួតអាង អំពីដ្រូនរបស់ខ្លួនមានប្រសិទ្ធភាព។

សារព័ត៌មាន ARAB NEWS បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៨ ខែធ្នូ ដោយដកស្រង់ប្រភពពីបណ្ដាញផ្សព្វផ្សាយរបស់អ៊ីរ៉ង់ បានរាយការណ៍ ថា មេទ័ពកំពូលរបស់អ៊ីរ៉ង់ បានអះអាង ថា ការអះអាងរបស់បណ្ដាប្រទេសមហាអំណាចលោកខាងលិច អំពីដ្រូនរបស់ខ្លួន ដែលកម្លាំងទាហានរុស្ស៊ី កំពុងតែប្រើប្រាស់ វាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន កំពុងតែបង្ហាញ អំពីដ្រូនរបស់ក្រុងតេអ៊ីរ៉ង់ មានប្រសិទ្ធភាពកម្រិតខ្ពស់។

រដ្ឋាភិបាលក្រុងកៀវ និង សម្ពន្ធមិត្តបស្ចិមលោក បានចោទប្រកាន់ដល់រុស្ស៊ី អំពីការប្រើប្រាស់ដ្រូន ផលិតដោយប្រទេសអ៊ីរ៉ង់ វាយប្រហារ ប្រឆាំងនឹងអ៊ុយក្រែន នៅក្នុងជម្លោះ អស់រយៈពេលប្រហែល១០ខែកន្លងមកនេះ ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង ថាមពលសំខាន់ៗ នៅទូទាំងប្រទេស ខណៈអាកាសធាតុ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ កាន់តែធ្លាក់ចុះត្រជាក់ខ្លាំងបំផុត។

ជាការឆ្លើយតបប្រឆាំងនឹងក្រុងតេអ៊ីរ៉ង់នោះ បណ្ដាប្រទេសបស្ចិមលោក បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុន និង ពួកឧត្ដមសេនីយ៍មួយចំនួនរបស់អ៊ីរ៉ង់ រួមទាំង នាយអគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ លោកឧត្ដមសេនីយ៍ ម៉ូហាមម៉ាដ បាហ្គេរី (Mohammad Bagheri) ផងដែរ។

រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ តែងតែបដិសេធជាដដែលៗ ប្រឆាំងនឹងការចោទប្រកាន់ អំពីការបញ្ជូនដ្រូនរបស់ខ្លួន ទៅឲ្យរុស្ស៊ី ប្រើប្រាស់ នៅក្នុងសង្គ្រាម ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្ដែនៅដើមខែវិច្ឆិកា អ៊ីរ៉ង់ ក៏បានទទួលស្គាល់ ថា ក្រុងតេអ៊ីរ៉ង់ បានបញ្ជូនដ្រូនមួយចំនួន ទៅឲ្យក្រុងមូស្គូ តាំងពីមុនការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ៕ រក្សាសិទ្ធិដោយ : សារាយSN

×