Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាតៃវ៉ាន់ឡើងកម្ដៅ ÷ ចិន បញ្ជូនយន្ដហោះចម្បាំងជាង៤០គ្រឿងឡោមព័ទ្ធតៃវ៉ាន់

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍គំរាមកំហែង នៅជុំវិញកោះតៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង ហើយត្រឹមតែរយៈពេល២៤ម៉ោង ចិន បានបញ្ជូនយន្ដហោះចម្បាំង ជាង៤០គ្រឿង ហោះរំលោភចូលទៅលើខ្សែបន្ទាប់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន Inquirer បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា យន្ដហោះចម្បាំងរបស់កងទ័ពអាកាសចិន ចំនួន៤៣គ្រឿង បានហោះ ឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។ ក្រុងប៉េកាំង តែងតែបន្ដសកម្មភាពយោធារបស់ខ្លួន ចូលមកជិតដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាដែនដីរបស់ចិន ហើយខ្លួន មិនដែលបដិសេធនូវការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមយកដែនកោះមួយនេះ មកគ្រប់គ្រងវិញនោះឡើយ។ ជាមួយនឹងការអះអាងនោះ ចិនបានអនុវត្ដនូវការធ្វើសមយុទ្ធយោធាជាញឹកញាប់ បាញ់ប្រហារតាមផ្លូវអាកាស និង សមុទ្រ នៅតំបន់ជុំវិញកោះតៃវ៉ាន់។

ទោះជាយ៉ាងណា តៃវ៉ាន់ បានទាត់ចោលយ៉ាងដាច់អហង្ការ ចំពោះការអះអាងរបស់ក្រុងប៉េកាំង។ ជាមួយគ្នានេះដែរ ក្រុងតៃប៉ិ បានចាត់ទុកការធ្វើសមយុទ្ធយោធាជាញឹកញាប់របស់ចិន កំពុងតែបង្ហាញ ថា ក្រុងប៉េកាំង កំពុងតែបំផ្លាញដល់សន្ដិភាព នៅក្នុងតំបន់ និង ព្យាយាមបំភិតបំភ័យ ដល់ប្រជាជនតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានបញ្ជូនយន្ដហោះចម្បាំងរបស់ខ្លួន ចេញប្រតិបត្ដិការ ដោយរួមទាំងប្រព័ន្ធមីស៊ីល នៅលើដី តាមឃ្លាំមើលសកម្មភាពរបស់កងយន្ដហោះចម្បាំងទាំងអស់របស់ចិន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×