ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញលើការងារជាច្រើនដូចជា ក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍ នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងជូនបងប្អូនប្រជាពលរដ្ឋដែលស័្មគ្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីនៅទីនោះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ថា ខ្ញុំគួរតែបញ្ជាក់ឱ្យច្បាស់ថា តំបន់រុតតាឯក និងតំបន់ពាក់ស្នែង គឺជាតំបន់ដែលយើងទទួលខុសត្រូវ ក្នុងការកសាងតំបន់នេះ ហើយខ្ញុំសង្ឃឹមថា ថ្ងៃក្រោយនឹងក្លាយជាកូនក្រុង ធ្វើម៉េចដោះស្រាយបានទាំងពីរគឺ ទី១- រក្សាបាននូវលក្ខណៈសម្បត្តិ ដែលតំបន់អង្គរជាបេតិកភណ្ឌរបស់ពិភពលោក អភិរក្សឲ្យបានល្អ ចៀសវាងអង្គការយូណេស្កូបណ្តេញចេញវិញ (ដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក)។ ទី២- យើងក៏ដោះស្រាយចំពោះប្រជាពលរដ្ឋដែលចាកចេញ ហើយក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ក៏បានរៀបចំថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, ឯកឧត្តម ជា សុផារ៉ា ត្រូវធ្វើការងារនេះឲ្យបានជោគជ័យ ហើយខ្ញុំនឹងបន្តតាមមើលរឿងនេះ។

ជាមួយគ្នានេះទៀត សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថា ក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តអនុវត្តនូវនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ជូនចំពោះប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយត្រូវកំណត់មុខសញ្ញានៃការផ្តល់ដីឲ្យ ដើម្បីឲ្យពួកគាត់មានដីពិតប្រាកដ ក្នុងការកសាងជីវភាព។ ឯមួយទៀត យើងបន្តកសាងផ្ទះ ជូនកម្លាំងប្រដាប់អាវុធរបស់យើង ដែលឈរជើងនៅតាមព្រំដែន ជាមួយនោះយើងក៏នឹងបន្តកសាងផ្ទះសំរាប់ អតីតយុទ្ធជន ឲ្យពួកគាត់មានផ្ទះសំបែង ជាពិសេសនៅកន្លែងការពារព្រំដែនឱ្យបានល្អបំផុត គឺជាកន្លែងដែលមានប្រជាជនរស់នៅនោះឯង។
ក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តដោះស្រាយបញ្ហា ជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់៣ និងតំបន់២ ឱ្យចប់នៅចុងខែឧសភា ឆ្នាំ២០២៣, លើកនេះ ខ្ញុំសុំពន្លឿនបន្តិចហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










