ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត : TYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និង តូចតាចនិងឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ: ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ អញ្ជើញក្នុងពិធីអបអរសាទរ និងពិសារអាហាសាមគ្គីគម្រប់ខួប ១០ឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ថ្លែងក្នុងពិធីនេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតថា សូមអបអរសាទរ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានធ្វើដំណើរអស់រយៈកាល ១០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពីសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ខេត្តកំពង់ចាម ជាមួយសមាជិកតែ ៨ នាក់ កាលពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន មានសមាជិកកើនទ្បើងដល់ជាង ៨.០០០ នាក់ និងមានការរីកលូតលាស់នៅតាមគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងកំពុងបន្តរីកចម្រើនតទៅទៀត ។

TYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និង តូចតាច នៅតាមមូលដ្ឋានឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់ជាអាទិ៍៖ ជំងឺមហារីក ជំងឺបេះដូង និងជាពិសេសបានពុះពារក្នុងដំណាក់កាលដ៏ស្មុគ្រស្មាញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងរយៈកាល ១០ឆ្នាំ មកនេះ TYDA បានព្យាបាលជូនប្រជាជនសរុបចំនួនជាង ៣៦ម៉ឺននាក់ ដែលក្នុងនោះចំនួនជាង ៦.០០០ នាក់ ជាប្រភេទជម្ងឺធ្ងន់ ។
ដោយសារសមិទ្ធផលទាំងអស់នេះហើយ ទើប TYDA ត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជនគ្រប់ស្រទាប់ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាជនគ្រប់រូប ដើម្បីជួយផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយដល់សង្គមគ្រួសារកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាធម៌ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានផ្តល់នូវការគាំទ្រ ទាំងការផ្តល់នូវគោលគំនិត ការតម្រង់ទិស និងការលើកទឹកចិត្តក្នុងការចូលរួមជួយសង្គ្រោះដល់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើបាន ប្រកបដោយទឹកចិត្តសប្បុរស ព្រមទាំងបានឆ្លៀតពេលវេលាពីភាពមមាញឹក មកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការរបស់ TYDA នាពេលកន្លងមកថែមទៀតផង។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះអាជ្ញាធររាជធានី-ខេត្ត និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អកន្លងមក ដែលបានបង្កភាពងាយស្រួលដល់សមាគម ក្នុងបម្រើប្រជាជន ជាពិសេសចំពោះក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលបានផ្តល់ការទុកចិត្តដល់ TYDA ក្នុងការចូលរួមជាមួយកម្លាំងសាមគ្គីទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ កន្លងមក។

ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជន, កម្លាំងយុវជនស្ម័គ្រចិត្ត, សិល្បករ, សិល្បការិនី, ដៃគូជាតិ និងអន្តរជាតិនានា ដែលបានយកចិត្តទុកដាក់ និង ជួយឧបត្ថម្ភគាំទ្រដល់ TYDA នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លា នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន ព្រោះថាសុខភាពល្អបរិបូណ៌ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល, និងជាកត្តាចាំបាច់ និង មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ លើសពីនេះ សូមអរគុណដល់ថា្នក់ដឹកនាំ សមាជិក សមាជិការបស់ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដែលបានចូលរួមជំរុញឱ្យសមាគមរីកលូតលាស់ និងមានសមិទ្ធផលជាផ្លែផ្កា ដើម្បីបំពេញបេសកម្មជូនប្រជាជនឱ្យកាន់តែល្អប្រសើរ ។

ជាមួយគ្នាដែរឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតក៏ថ្លែងសូមអរគុណលោកជំទាវ ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យ TYDA ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាសា្មរតី និងធនធាននានា ក្នុងការដឹកនាំ TYDA ប្រកបដោយជោគជ័យ, ជាមួយការចាត់ទុកទាំងអ្នកជំងឺ និងក្រុមការងារជាក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ នាំឱ្យ TYDA ទទួលបាននូវភាពកក់ក្តៅ និងការរីកលូតលាស់គួរជាទីមោទនៈ។
កាយវិការដ៏ប្រពៃរបស់លោកជំទាវ សបញ្ជាក់ច្បាស់អំពីភាពខ្លាំងក្លានៃស្រ្តីខ្មែរ ក៏ដូចជាស្ត្រីទូទាំងសកលលោក ដែលដៃម្ខាងបំពេញតួនាទីក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន និងដៃម្ខាងទៀតថែរក្សាក្រុមគ្រួសារដ៏ជាទីស្រលាញ់ ដែលនេះហើយជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើន និងភាពសុខដុមរមនា នៅក្នុងគ្រួសារ ក៏ដូចជានៅក្នុងសង្គមជាតិ៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម