ខេត្តបាត់ដំបង៖ តំណាងក្រសួងស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាលចំនួន២២គម្រោង ដែលកំពុងធ្វើការលើផ្នែកបន្ស៊ាំ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ព្រមទាំងដៃគូអភិវឌ្ឍន៍ សរុបចំនួន៩៥នាក់ ក្នុងនោះស្ត្រី២៨នាក់ បានចូលរួមនៅក្នុង “សិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីគម្រោងប្រែប្រួលអាកាសធាតុ” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់២១ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារខេមរាបាត់ដំបង ដើម្បីពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តគម្រោង ដែលទទួលមូលនិធិពីកម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) សំដៅស្វែងរកតម្រូវការចាំបាច់ ក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តគម្រោង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅថ្នាក់ជាតិនិងសហគមន៍ នៅដំណាក់កាលចុងក្រោយនៃការអនុវត្តគម្រោង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ស៊ុំ ធី ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានគ្រប់គ្រងកម្មវិធីCCCA បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល របស់គម្រោងទាំង២២ ដែលបានកំពុងអនុវត្ត ដើម្បីបង្កើនសមត្ថភាពមន្ត្រី ក៏ដូចជាស្ថាប័ន ផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជននៅមូលដ្ឋាន ជាពិសេសគឺការចងក្រងនូវមេរៀន បទពិសោធន៍ជាច្រើន ទាំងការរៀបចំគោលនយោបាយ ការសិក្សាស្រាវជ្រាវ និងការងារអនុវត្តសាកល្បង។
លោក ជូលៀន ឆេវីឡាដ មន្ត្រីត្រួតពិនិត្យមូលនិធិគម្រោងប្រែប្រួលអាកាសធាតុ និងជាតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានបញ្ជាក់ថាក្រសួងស្ថាប័នរដ្ឋចំនួន១៤ បានទទួលមូលនិធិជំនួយឥតសំណងពីកម្មវិធីCCCA សម្រាប់អនុវត្តសកម្មភាពអាទិភាព ដែលមានក្នុងផែនការសកម្មភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមវិស័យរបស់ខ្លួន ក្នុងនោះគម្រោងចំនួន៨ បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៥ ចំណែកចំនួន៦ទៀតនៅឆ្នាំ២០១៧។ ក្រៅពីនេះ គម្រោងស្ថាប័នរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨ ក៏បានទទួលមូលនិធិលើផ្នែកស្រាវជ្រាវ និងច្នៃប្រឌិត ដោយផ្តោតលើអាទិភាពប្រែប្រួលអាកាសធាតុ នៅឆ្នាំ២០១៦ ផងដែរ។
អ្នកអនុវត្តន៍គម្រោង និងមន្ត្រីរៀបចំផែនការ បានរួមគ្នាពិភាក្សាទៅលើទិដ្ឋភាព សំខាន់ៗចំនួន៣ រួមមាន ១) បទពិសោធន៍ល្អៗ ដែលអនុវត្តកន្លងមក បញ្ហាប្រឈម និងវិធីដោះស្រាយបញ្ហាប្រឈមទាំងនោះ ២) យុទ្ធសាស្ត្រធានានិរន្តរភាពគម្រោង ផែនការពង្រីកវិសាលភាព និង៣) ការគ្រប់គ្រងរដ្ឋបាលនិងហិរញ្ញវត្ថុគម្រោង៕ ដោយ៖កូឡាប