រុស្ស៊ី ៖ ការប្រយុទ្ធបានស្ទុះខ្លាំងឡើងកាលពីម្សិលមិញ ដោយមន្ត្រីយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបា.ញ់រ៉ុក្កែតចំនួន ៣៣គ្រាប់ ទៅកាន់គោលដៅស៊ីវិលនៅក្នុងទីក្រុងខឺសុន (Kherson) របស់អ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ (ម៉ោងក្នុងតំបន់) តាំងពីថ្ងៃដល់យប់ និងបន្តរហូតដល់ព្រឹកថ្ងៃពុធ, ហើយថា កងទ័ពរុស្ស៉ីបានដាក់ពង្រាយរថក្រោះ និងរថពាសដែកបន្ថែមទៀតនៅតំបន់ជួរមុខ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើរបាយការណ៍ថា កងកម្លាំងរុស្ស៊ីកំពុងវា.យប្រ.ហារតំបន់ ដែលមានប្រជាជនស៉ីវិល នៅច្រាំងខាងស្តាំនៃទន្លេឌីនីប្រូ (Dnipro) ក្បែរទីក្រុងខឺសុន (Kherson) ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងធំ។

មន្ត្រីអ៊ុយក្រែន លោក អូឡេហ៍ ហ្សឹដាណូវ (Oleh Zhdanov) បានបង្ហាញថា មានការវិវត្តន៍តិចតួចណាស់នៅក្នុងសមរភូមិជួរមុខ ប៉ុន្តែសម្ពាធពីសត្រូវមានកាន់តែខ្លាំង ទាំងចំនួនទាហាន និងបរិមាណនៃឧបករណ៍យោធា។
ស្ថានការណ៍ថ្មីៗនេះ គឺខ្សែប្រយុទ្ធរុស្ស៊ីបានវា.យលុ.កយ៉ាងខ្លាំងក្លានៅជុំវិញទីក្រុងបាកមុត (Bakhmut) ភាគខាងកើត ជាទីដែលរុស្ស៊ីបានព្យាយាមអស់ជាច្រើនខែ ដើម្បីកាន់កាប់។ រីឯនៅភាគខាងជើង ទីក្រុងស្វាតូវ (Svatove) និងទីក្រុងក្រេមីណា (Kreminna) ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន កំពុងព្យាយាមបំបែកខ្សែការពាររុស្ស៊ី កុំឱ្យមានសម្ពាធកាន់តែខ្លាំង។

ជារឿយៗ រុស្ស៊ី តែងបដិសេធ ថា មិនប៉ះពាល់ជនស៊ីវិលនោះទេ ប៉ុន្តែ បើតាមអ្នកស្រុក បានឱ្យដឹងថា ផ្ទះ ឬអគារលំនៅឋានរបស់ប្រជាជន ចំនួន ៧០,០០០នាក់រស់នៅធម្មតាកាលពីមុនសង្គ្រាម, ប៉ុន្តែពេលនេះ ត្រូវបានបំផ្លាញមួយផ្នែកធំ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានរំលាយសន្ធាប់មកលើទីក្រុងបាកមុត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







