ប្រទេសចិន ៖ រថយន្តជាង២០០គ្រឿងបុកបន្តកន្ទុយគ្នា ប៉ុន្តែមានមនុស្សតែម្នាក់គត់បានស្លា.ប់ ក្រៅពីនេះរងរបួសស្រាល ដែលហេតុការណ៍នេះ បានកើតឡើងនៅលើស្ពានហាយវ៉េក្នុងទីក្រុង ជេងជូ (Zhengzhou) ខេត្តហឺណាន (Henan) ប្រទេសចិន កាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ដោយសារតែការចុះអ័ព្ទខ្លាំង។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា ស្ពានកើតហេតុខាងលើ មានឈ្មោះ ជេងស៉ីន ហ័ងហឺ (Zhengxin Huanghe) ដែលជាស្ពានដ៏សំខាន់មួយសម្រាប់ឆ្លងកាត់ទន្លេលឿង, គ្រានោះ មានមនុស្សជាច្រើននាក់បានរងរបួសជាប់ក្នុងរថយន្តរបស់ពួកគេ ខណៈអាជ្ញាធរពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង រួមជាមួយភ្នាក់ងារសង្គ្រោះ ៦៦នាក់ ចេញទៅភ្លាមៗ ដើម្បីទៅជួយសង្រ្គោះអ្នកនៅកន្លែងគ្រោះថ្នាក់។

ស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រនេះ សមត្ថកិច្ចបានសម្រេចបិទការធ្វើដំណើរលើស្ពានជាបណ្តោះអាសន្ន ហើយកំពុងព្យាយាមដោះស្រាយ នៅទីតាំងរថយន្តបុកគ្នានោះ ដើម្បីសម្រួលឱ្យចរាចរណ៍អាចបន្តជាធម្មតាឡើងវិញ ក្នុងពេលឆាប់ៗ ខណៈការពិនិត្យមើលជាក់ស្ដែងឃើញថា ដ្បិតអីរថយន្តបុកបន្តកន្ទុយគ្នារហូតដល់ជាង ២០០គ្រឿងប៉ុន្តែការខូចខាត និងប៉ះពាល់មនុស្សតិចតួចនោះទេ។

បើតាមអាជ្ញាធរឧតុនិយមក្នុងប្រទេសចិន បានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ នៅតំបន់ជាច្រើន គឺមិនអាចមើលទៅមុខឃើញដល់៥០០ម៉ែត្រឡើយ ហើយពេលខ្លះទៀត គឺបានថយចុះមកនៅត្រឹមក្រោម ២០០ម៉ែត្រប៉ុណ្ណោះ ដោយសារតែការចុះអ័ព្ទខ្លាំងខុសប្រក្រតី បណ្ដាលឱ្យរថយន្តរបស់អ្នកដំណើរក៏ជ្រុលទៅបុកគ្នា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







