កំពត៖ មន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីគោលបំណងលើកកំពស់ទីក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី ដោយបានដឹកនាំប្រជុំស្តីពីផែនការអនុវត្តគោលការណ៍ណែនាំពីការរៀបចំទីក្រុងកំពតនេះឲ្យក្លាយទៅជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។

ឯកឧត្ដម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកទ្បើងថា ក្រសួងមានគោលបំណង ជួយលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីការពារសុខុមាលភាពរបស់ប្រជាជន ភ្ញៀវទេសចរ ការការពារ និងទប់ស្កាត់ ការរងផលប៉ពាល់ពីផ្សែង និងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់ អ្នកនៅជុំវិញ និងបរិស្ថាន ។

ឯកឧត្ដមបន្តថា កិច្ចពិភាក្សានាពេលនេះ គឺជាការជួយទាញការចាប់អារម្មណ៍អ្នកទាំងអស់គ្នា ឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការកសាងបរិស្ថានមួយ ដែលគ្មានផ្សែងបារី ដើម្បីឲ្យខេត្តកំពត ក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព និងជាគោលដៅនៃការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាពិសេសពិធី បុណ្យសមុទ្រ ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំបន្តបន្ទាប់តាមការវិលជុំ។

ក្នុងនាមក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ឯកឧត្ដម ហោ សារុន បានថ្លែងអំណរគុណដល់ក្រុមការងាររបស់រដ្ឋបាលក្រុងកំពត សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបាន ចូលរួមយ៉ាងសកម្មក្នុងការចុះបិទស្លាកសញ្ញា និងលើកផ្លាកសញ្ញាស្តីពីការ ហាមជក់បារី និងបារីអេឡិកត្រូនិក នៅតាមទីផ្សារ និងទីកន្លែងហាមឃាត់ដទៃទៀត។

តាមផែនការនៅខែក្រោយនេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នឹងវាយតម្លៃការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅតាមមូលដ្ឋាន អាជីវកម្ម សេវាកម្មទេសចរណ៍នានា ក្នុងក្រុងកំពត ដើម្បីរៀបចំបែបបទពេញលេញ ក្នុងការបញ្ចូលទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងទទួលស្គាល់ ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា កំពត ជាខេត្តឆ្នេរសមុទ្រធំជាងគេទី៣ ក្នុងប្រទេសកម្ពុជា។ ខេត្តនេះមានរមណីយដ្ឋានធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្ត្រសម័យអាណានិគមជាច្រើនសម្រាប់ភ្ញៀវទស្សនានិងស្វែងយល់។ ទីក្រុងកំពត ជាទីក្រុងមួយសម្បូរទៅដោយអគារហាងចិនច្រើនជាងគេ ក្នុងសម័យអាណានិគមបារាំង និងមានសម្រស់ស្រស់ស្អាតគួរជាទីស្ញប់ស្ញែងក្នុងពេលអតីត។ ទីក្រុងដ៏តូចហើយស្ងប់ស្ងាត់មួយនេះ គឺជាច្រកផ្លូវទៅកាន់ឧទ្យានជាតិព្រះមុនីវង្ស ដែលល្បីរន្ទឺតាមរយៈអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងអគារប្រវតិ្តសាស្រ្តបន្សល់ទុកពីសម័យអាណានិគម។ ទិដ្ឋភាពដ៏ស្រស់ត្រកាលពីលើកំពូលភ្នំបូកគោ គឺជាការទាក់ទាញដ៏ខ្លាំងក្លាចំពោះភ្ញៀវទេសចរ ដែលមកកម្សាន្តខេត្តកំពត។ ទឹកឈូ និង រមណីយដ្ឋានព្រែកអំពិល គឺជាទីកន្លែងសម្រាប់សម្រាកកម្សាន្ត ដែលស្ថិតនៅជិតបង្កើយពីទីក្រុងកំពត។ ដោយឡែក រូងភ្នំ ចំការធុរេន ចំការម្រេច ស្រែអំបិល និងតំបន់សត្វស្លាប គឺសុទ្ធសឹងតែជាតំបន់ដែលគួរទស្សនាកម្សាន្តនៅខេត្តក្នុងកំពត។ បច្ចុប្បន្ន ខេត្តឆ្នេរសមុទ្រមួយនេះ ជាខេត្តមួយដែលមានសក្តានុពលផ្នែកអេកូទេសចរណ៍ ដោយមានឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោកម្ពស់ ១៩៨០ម៉ែត្រ កំពុងរង់ចាំភ្ញៀវទេសចរជិតឆ្ងាយមកទស្សនាកម្សាន្ត៕




