Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក រឹតបន្ដឹងដល់ការធ្វើដំណើរមកពីប្រទេសចិន

ក្រោយពេលរដ្ឋាភិបាលក្រុងប៉េកាំង បានបន្ធូរបន្ថយនូវគោលនយោបាយគ្រប់គ្រងតឹងរ៉ឹង កូវីដសូន្យ នោះមក ពេលនេះកំពុងតែបង្កឲ្យមានការឆ្លងរាលដាល នៅពាសពេញប្រទេស ទើបសហរដ្ឋអាមេរិក រឹតបន្ដឹងដល់អ្នកធ្វើដំណើរ មកពីប្រទេសចិន ត្រូវតែធ្វើតេស្ដរកភាពអវិជ្ជមានកូវីដ-១៩ជាមុនសិន ទើបអនុញ្ញាតឲ្យចូលក្នុងប្រទេសរបស់ខ្លួន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ថា ក្រុមមន្រ្ដីសុខាភិបាល បានអះអាង ថា សហរដ្ឋអាមេរិក នឹងទាមទារឲ្យធ្វើតេស្ដអវិជ្ជមាន ពីជំងឺកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរ មកពីប្រទេសចិន។ ការឆ្លងរាលដាលជាថ្មីឡើងវិញនេះ បានកើតឡើង ក្រោយពេលក្រុងប៉េកាំង បានបន្ធូរបន្ថយនូវការរឹតត្បឹតដ៏តឹងរឹង សម្រាប់ការទប់ស្កាត់ជំងឺកូវីដ-១៩។

ក្រុមមន្រ្ដីសុខាភិបាល សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ ថា គោលនយោបាយថ្មីនេះ នឹងចាប់ផ្តើម នៅថ្ងៃទី៥ ខែមករា ដោយនឹងអនុវត្ត សម្រាប់អ្នកដំណើរតាមផ្លូវអាកាសទាំងអស់ មានអាយុលើសពី២ឆ្នាំ មកពីប្រទេសចិន ហុងកុង ឬ ម៉ាកាវ។ ចំណែកការធ្វើតេស្ត ត្រូវតែធ្វើឡើង «មិនលើសពីពីរថ្ងៃ មុនពេលពួកគេចេញដំណើរ»។ អ្នកធ្វើដំណើរដែលធ្វើតេស្តវិជ្ជមានលើសពី១០ថ្ងៃ មុនការហោះហើរ អាចផ្តល់ឯកសារ សម្រាប់ការសង្គ្រោះ ជំនួសឱ្យលទ្ធផលតេស្តអវិជ្ជមាន។

រដ្ឋាភិបាលក្រុងប៉កាំង បានអះអាង ថា ចិន នឹងលុបចោលកាតព្វកិច្ចធ្វើចត្ដាឡីស័ក សម្រាប់ការធ្វើដំណើរមកពីក្រៅប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ដែលជំរុញឱ្យមនុស្សជាច្រើន នៅក្នុងប្រទេសចិន ប្រញាប់ប្រញាល់រៀបចំផែនការ ធ្វើដំណើរទៅក្រៅប្រទេស។

ប៉ុន្មានសប្តាហ៍មកនេះ ប្រទេសចិន កំពុងតែប្រឈមមុខនឹងការឆ្លងជំងីកូវីដ-១៩ជាថ្មី កើនឡើង ក្រោយពេលការបន្ធូរបន្ថយនូវការគ្រប់គ្រង ប្រឆាំងនឹងមេរោគដ៏តឹងរ៉ឹងរបស់ក្រុងប៉េកាំង។ គោលនយោបាយនេះ ត្រូវបានគេហៅថា «សូន្យកូវីដ» ដោយរាប់បញ្ចូលទាំងការបិទខ្ទប់ និង ការធ្វើតេស្តយ៉ាងទូលំទូលាយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។ ប៉ុន្តែករណីនេះ ក៏ធ្វើឲ្យសាធារណជន មានការខកចិត្ត និង រារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×