Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

ខេត្តកំពត ៖ នៅព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។

ផ្លូវដែលត្រូវបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពជាថ្មីនេះ រួមមាន៖ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។ ផ្លូវជាតិលេខ៣១ មានប្រវែងសរុបជិត ៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស (ចំណុច ប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣)។ ផ្លូវនេះត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៧សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ទទឹង ១២ម៉ែត្រ និងជួសជុលស្ពានដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៤៤កន្លែង ផងដែរ។

ដោយឡែកផ្លូវជាតិលេខ៣៣ មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ពីក្រុងកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។ ផ្លូវនេះ នឹងត្រូវស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) មានកម្រាស់ ៥សង់ទីម៉ែត្រ និងកម្រាស់ ៧សង់ទីម៉ែត្រ ព្រមទាំងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងមានកំណាត់ផ្លូវចំនួន ៤ទីតាំង នឹងត្រូវពង្រីកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ប្រវែងសរុប ១,៤៣១ម៉ែត្រ និង ១ទីតាំងទៀត នឹងត្រូវពង្រីកជា ៦គន្លង (៣គន្លងទៅ ៣គន្លងមក) ប្រវែង ៤៨០ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ ទទឹង ១២ម៉ែត្រ ស្របជាមួយនឹងស្ពានចាស់ និងជួសជុលកែលម្អស្ពាន ដែលមានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៦៥ម៉ែត្រ ព្រមទាំងដាក់លូគ្រប់ប្រភេទចំនួន ១៣៤កន្លែង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×