មណ្ឌលគិរី៖ លោក សេង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ ផ្ទះសំណាក់ សណ្ឋាគារ ក្នុងខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវកក់បន្ទប់សម្រាកប្រហែល ៨៥%ហើយ។

ឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនេះ មន្ទីរទេសចរណ៍ខេត្ត បានផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ ម៉ូតែល បូទិច ផ្ទះសំណាក់ រមណីយដ្ឋានទេសចរណ៍ ដែលមានសេវាកម្មស្នាក់នៅ និងតង់ស្នាក់នៅ ត្រូវរៀបចំសណ្តាប់ធ្នាប់ តុបតែងលម្អភ្លើង រក្សាអនាម័យឲ្យបានល្អជូនអ្នកទេសចរ ចំណែកនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ត្រូវត្រៀមផ្តល់សេវា និងមិនត្រូវតំឡើងតម្លៃនាថ្ងៃបុណ្យនេះទេ។

លោក បន្តថា អាជ្ញាធរខេត្តមណ្ឌលគិរី ក៏មានរៀបចំតុបតែងលម្អនៅទំនប់ទឹកសែនសុខដុម និងទំបន់សែនមនោរម្យ តាមទីសាធារណៈនានាក្នុងក្រុងសែនមនោរម្យ ដើម្បីត្រៀមបាញ់កាំជ្រួចអបអរថ្ងៃឆ្លងឆ្នាំសកល២០២២ ចូលឆ្នាំ ២០២៣ខាងមុខ ហើយក៏បានត្រៀមរៀបចំឱ្យមានការប្រគំតន្ត្រីកម្សាន្ត ការតាំងពិព័រណ៍សកម្មភាពការងារសមិទ្ធិផលផ្សេងៗ រួមទាំង ពិព័រណ៍អាជីវកម្មផ្សេងៗផងដែរ។

បើតាមម្ចាស់សេវាស្នាក់នៅ មានសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងក្រុងសែនមនោរម្យ មួយរយៈចុងក្រោយនេះ ចំនួនភ្ញៀវមានការកើនឡើងច្រើន។ ចំណែកក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ ផ្ទះសំណាក់ មានភ្ញៀវកក់បន្ទប់ពេញទាំងអស់តែម្ដង។

គួរបញ្ជាក់ដែរថា សម្រស់ធម្មជាតិនៃខេត្តមណ្ឌលគិរី ដែលគ្រប់ដណ្ដប់ទៅដោយវាលស្មៅពណ៌មាសក្នុងរដូវកាលនេះ ថែមទាំងប្រជុំភ្នំតូចធំ ខ្យល់អាកាសល្អបរិសុទ្ធ បានក្លាយជាជម្រើសលំហែរកាយដ៏ទាក់ទាញរបស់អ្នកទេសចរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ៕
