Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ «Single Portal» កើនដល់ជាង ២ម៉ឺន

ភ្នំពេញ៖ ការចុះបញ្ជីក្រុមហ៊ុនតាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៅតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ដែលហៅថា «Single Portal» មានចំនួនក្រុមហ៊ុនទទួលជោគជ័យលើការចុះបញ្ជីតាមប្រព័ន្ធមួយនេះកើនដល់ជាង ២ម៉ឺនក្រុមហ៊ុន ដែលនាំមុខភាគច្រើនមកពីវិស័យ សំណង់ និងអចលនទ្រព្យ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការថ្នាលចុះបញ្ជីអាជីវកម្មអនឡាញ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីក្រុមហ៊ុនដែលជាផ្នែកមួយនៃកំណែទម្រង់ក្នុងគោលបំណងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា និងដើម្បីលើកកម្ពស់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិឱ្យកាន់តែប្រសើរ។ នៅក្នុងដំណាក់កាលដំបូងមានក្រសួង-ស្ថាប័នរដ្ឋ ៦ ដែលត្រូវបានភ្ជាប់ទៅ Single Portal គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងការងារ, អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គិតត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុនដែលទទួលបានជោគជ័យលើការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ហៅថា «Single Portal» មានចំនួនសរុប ២ម៉ឺន ៥៧៤ ក្រុមហ៊ុន ដែលមានទុនវិនិយោគសរុប ៥៧៦៩លានដុល្លារ។ តាម Online Business Registration Service ឱ្យដឹងទៀតថា ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីខាងលើ គឺមាន ៣៨ភាគរយមានម្ចាស់ជាស្ត្រី។

សូមជម្រាបថា បន្ទាប់ពី «Single Portal» ដំណាក់កាលទី ១ ដំណើរការបានមួយរយៈ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋាភិបាលបានដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៃថ្នាលចុះបញ្ជីអាជីវកម្មអនឡាញដោយបានដាក់បញ្ចូលទីភ្នាក់ងារថ្មីចំនួន ៤ ដូចជា អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុមិនមែនធនាគារ, និយតករអាជីវកម្មអចលនទ្រព្យ និងហាងបញ្ចាំ, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

×