Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ចាប់ផ្ដើមបង្ហាញនាវាចម្បាំងដ៏ទំនើប ការពារមីស៊ីលបាល្លិស្ទីក

រាជធានីតូក្យូ៖ ការគំរាមកំហែងដោយយោធារបស់ចិន ទៅលើកោះតៃវ៉ាន់ ក៏ដូចជា សង្គ្រាមលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន និង ការបាញ់មីស៊ីលឥតឈប់ឈររបស់កូរ៉េខាងជើង បង្កការគំរាមកំហែងដល់សន្ដិសុខ នៅក្នុងតំបន់ និង ពិភពលោកនោះ បានធ្វើឲ្យជប៉ុន ភ្ញាក់ពីការលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោយការចាញ់នាដំណាក់កាលចុងក្រោយ នៃសង្គ្រាមលោកលើកទី២ ហើយឥឡូវនេះ ក្រុងតូក្យូ បានចាប់ផ្ដើមបង្ហាញ អំពីផែនការសាងសង់នាវាការពារមីស៊ីលរបស់ខ្លួន។

សារព័ត៌មាន USNI News បានផ្សាយ កាលពីថ្ងៃទី២៩ ខែធ្នូ ថា ក្រសួងការពារជាតិជប៉ុន កាលពីសប្ដាហ៍មុន បានចេញរបាយការណ៍លម្អិត អំពីគម្រោងរបស់ក្រុងតូក្យូ ដើម្បីសាងសង់នាវាចម្បាំងការពារប្រឆាំងនឹងមីស៊ីលបាល្លិស្ទីក ចំនួន២គ្រឿង សម្រាប់ប្រឈមមុខនឹងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើង។

បើតាមសារព័ត៌មាន Naval News បានរាយការណ៍ ថា ក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃទី២៣ ខែធ្នូ បានចេញផ្សាយព័ត៌មានលម្អិតបន្ថែម អំពីនាវាចម្បាំង ប្រភេទ BMD ចំនួន២គ្រឿង ដែលជប៉ុន បានជ្រើសរើសទិញ ក្រោយការលុបចោលគម្រោងនាវាការពារឆ្នេរ Aegis Ashore BMD ចំនួន២ ដែលបានគ្រោងទុក។ ឯកសារ ត្រូវបានចេញផ្សាយ ដោយក្រសួងការពារជាតិជប៉ុន ពិពណ៌នា អំពីតម្រូវការសម្រាប់នាវាដ៏ទំនើបទាំង២គ្រឿងនេះ ដើម្បីអនុញ្ញាតឱ្យនាវា AEGIS ផ្សេងទៀត ផ្តោតលើបេសកកម្មផ្សេង ហើយបានសង្កត់យ៉ាងធ្ងន់ជាថ្មី អំពីឧបករណ៍ប្រើប្រាស់ ដើម្បីនាំឲ្យនាវាទាំងនេះ មានសមត្ថភាពខ្ពស់ជាងនាវាពិឃាដ Aegis ដែលមានស្រាប់ អាចទប់ទល់នឹងការគំរាមកំហែង ពីមីស៊ីលផ្លោង នាពេលបច្ចុប្បន្ន។ ប៉ុន្តែនាវាទាំងនោះ ក៏បំផ្លាញយន្ដហោះមានល្បឿនលឿនជាងសំឡេងផងដែរ។

បើតាមក្រសួងការពារជាតិជប៉ុន បានឲ្យដឹងទៀត ថា នាវាទាំងនេះ នឹងដំណើរការ ដោយមានបំពាក់ប្រព័ន្ធប្រយុទ្ធ Aegis ដែលមានស្រាប់ រកឃើញនៅលើយន្តហោះប្រយុទ្ធមីស៊ីលនាំផ្លូវរបស់អាមេរិក និង ជប៉ុន ហើយបានបំពាក់ជាមួយនឹងនឹងរ៉ាដារុករកតាមអាកាស ដែលអាចស្គែន ដោយប្រព័ន្ធអេឡិកត្រូនិចសកម្ម AN/SPY-7 របស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធ Lockheed Martin ។

ក្រសួងការពារជាតិជប៉ុន បានបន្ថែម ថា នាវាចម្បាំងដ៏ទំនើបទាំង២គ្រឿងនេះ នឹងត្រូវបំពាក់មីស៊ីល Standard 6 ផលិតដោយក្រុមហ៊ុន Raytheon ដែលជាប្រភេទមីស៊ីលបាញ់នៅតាមសមុទ្ររបស់ប្រទេសជប៉ុន ប្រភេទ 12 បាញ់ពីលើដីទៅលើនាវា បានដាក់ពង្រាយនៅលើឆ្នេរ និង កន្លែងដាក់សព្វាវុធ អាចស្ទាក់ចាប់កាំជ្រួច មានល្បឿនលឿនជាងសំឡេង។

លោក យ៉ាស៊ូកាហ្ស៊ុ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន ធ្លាប់លើកឡើង កាលពីពេលកន្លងទៅថ្មីៗនេះ ថា «យើងជឿជាក់ ថា នេះជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតមួយ នៅក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់យើងឲ្យខ្លាំងក្លា នៅក្នុងរយៈពេលប្រាំឆ្នាំនេះ»។

លោករដ្ឋមមន្រ្ដីក្រសួងការពារជាតិ បានបញ្ជាក់ ថា នាវាចម្បាំងដ៏ទំនើបថ្មីនេះ នឹងកាន់តែទំបនើបជាងនាវាពិឃាដ JMSDF Aegis ចំនួន៨គ្រឿង នាពេលបច្ចុប្បន្ន ដោយសារវាអាចទប់ស្កាត់រាល់ការគំរាមកំហែង មកពីភាគនិរតី។ នាវាចម្បាំង BMD នឹងធ្វើប្រតិបត្ដិការជាចម្បង នៅក្នុងសមុទ្រជប៉ុន ចាប់ពីឧបទ្វីបកូរ៉េ រហូតមក។ នាវាចម្បាំងដ៏ទំនើបទាំងនេះ មានសមត្ថភាពការពារមីស៊ីលគ្រូសបាន។

សារព័ត៌មាន South China Morning Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ថា ជប៉ុន បានចេញសេចក្ដីព្រាងឯកសារការពារជាតិថ្មីដ៏ធំសម្បើមមួយ ដែលសកម្មភាពនេះ ធ្វើឲ្យក្រុមអ្នកវិភាគគិតថា នឹងកើតឡើងឆាប់ៗនេះ។ ដូច្នេះរដ្ឋាភិបាលរបស់លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានយល់ព្រមបែងចែកថវិកា ចំនួន៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំ នាពេលបច្ចុប្បន្ននេះ។ សេចក្ដីព្រាងនេះ មានន័យ ថា ក្រុងតូក្យូ បានសម្រេចចិត្ត បង្កើនការទិញគ្រឿងសឹកទំនើបៗ អាចបាញ់ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបច្ចាមិត្ដ។

ជប៉ុន បានបង្កើតយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីរបស់ខ្លួននេះ បានកើតឡើង ស្របពេលចិនកំពុងតែគំរាមកំហែងទៅលើកោះតៃវ៉ាន់ រុស្ស៊ីឈ្លានពានទៅលើអ៊ុយក្រែន និង កូរ៉េខាងជើង កំពុងតែបង្កើនមហិច្ឆតាលើអាវុធមហាប្រល័យលោក និង ការបាញ់ផ្លោងមីស៊ីលឥតឈប់ឈរ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×