កំពត ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីភាពសកម្មនៃអង្គភាពប្រមូលចំណូលជាតិ ដែលប្រមូលចំណូលបានលើសផែនការសម្រាប់ឆ្នាំ ២០២២នេះ, ដោយគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ (ជិតពេញ១ឆ្នាំនៃឆ្នាំ២០២២) គឺអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណជាង ៣៤៣៧លានដុល្លារ ស្មើនឹង ១២១.៩៣ភាគយ នៃផែនការកំណត់ដោយច្បាប់ថវិកាឆ្នាំ២០២២, ចំណែកឯ អគ្គនាយកដ្ឋានគយ ប្រមូលចំណូលបាន ២៦៧០លានដុល្លារ ស្មើនឹង ១០៤.១៥ភាគរយនៃផែនការ។
ការបង្ហាញបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋាន ស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ, ដោយសម្ដេចថ្លែងថា ការប្រមូលនូវចំណូលលើសផែនការនេះ គឺជាការផ្តល់ឱកាសដល់រាជរដ្ឋាភិបាលធ្វើការវិនិយោគ ទៅលើហេដ្ឋរចនាសម្ព័ន្ធចាំបាច់នានា។

ខ្ញុំមានការសប្បាយរីករាយជាមួយនឹងជោគជ័យ នៃការដែលយើងខិតខំធ្វើក្នុងវិស័យសេដ្ឋកិច្ច ដែលធ្វើឱ្យកំណើនកើនជាមួយនឹងការបើកប្រទេសឡើងវិញ ហើយចំណូលជាតិរបស់យើង ក៏មានការកើនឡើង ដែលខ្ញុំគួរជម្រាបថា ឆ្នាំនេះទាំងផ្នែកគយ និងពន្ធដារ គឺមានការលើសផែនការប្រមាណជាង ២៥%, ម្សិលមិញនេះ ពន្ធដារសម្រេចបាន ៣ ៤៣៧លានដុល្លារ ស្មើនឹង១២១.៩៣% នៅសល់ថ្ងៃនេះទៀត និងថ្ងៃស្អែកទៀត,រី ឯ គយ រកបាន ២ ៦៧០ លានដុល្លារស្មើនឹង ១០៤.១៥ភាគរយ។ អីចឹងទេគិតទៅវាលើសផែនការរហូតដល់ ១២២ភាគរយ នេះមិនទាន់គិតពីចំណូលសារពើពន្ធដែលឆ្នាំនេះ ជឿថា វាកើន ព្រោះគ្រាន់តែទេសចរណ៍ ២លាននាក់ យើងនឹងមានប្រាក់ ៦០លានដុល្លារ តាមរយៈតម្លៃទិដ្ឋាការ (វីសា)។

សម្ដេចតេជោ ហ៊ុន សែន សម្ដែងក្ដីរីករាយជំនួសមន្ត្រីរាជការទូទាំងប្រទេសទៀតថា នៅសល់៤៨ម៉ោងទៀតប៉ុណ្ណោះ មន្រ្តីរាជកាលស៊ីវិល កងកម្លាំងប្រដាប់អាវុធ មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ និវត្តជន អតីតយុទ្ធជន នឹងបានទទួលការឡើងបៀវត្សគ្រប់ៗគ្នា, ដូច្នេះ សូមអាជ្ញាធរគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ បន្តគាំទ្រផ្នែកគយ និងពន្ធដារបន្ថែមទៀត ដើម្បីឱ្យការប្រមូលចំណូលជាតិកាន់តែប្រសើរឡើង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















