ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួបសំណេះសំណាលជាមួយ ក្រុមការងារផលិតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយក្រុមការងារផលិតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់ក្រុមការងារផលិត ក៏ដូចជាអ្នកសម្តែងទាំងអស់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការផលិតខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ពាក់ព័ន្ធដំណើរជីវិតតស៊ូក្នុងបុព្វហេតុជាតិមាតុភូមិរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្រៅតែពីការលើកទឹកចិត្តជំនួបនេះ ក៏ជាការតម្រង់ទិសបន្ថែមដល់ក្រុមការងារផលិត ដើម្បីឱ្យខ្សែភាពយន្តមានភាពទាក់ទាញ និងកាន់តែល្អប្រសើរ។ ជាពិសេសមិនប្រាស់ចាកពីប្រវត្តិពិត ដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឆ្លងកាត់។

សូមបញ្ជាក់ថា ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ ការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រនៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

នៅព្រឹកថ្ងៃនេះមុនពេលអញ្ជើញសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលប្រជុំ របស់ទីបញ្ជាការដ្ឋានអង្គរក្សផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម