ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ លោកជំទាវ ជូ ប៊ុនអេង ដែលទទួលខុសត្រូវទៅលើបញ្ហា ការប្រឆាំងការជួញដូរមនុស្ស ក៏មានវត្តមាននៅទីនេះ យើងត្រូវចាប់ផ្តើមរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអំពើទាំងឡាយដែលបំពាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួមគ្នាប្រយុទ្ធប្រឆាំងការលោភបំពាន និងការជួញដូរផ្លូវភេទសម្រាប់ស្ត្រី និងកុមារី ជាពិសេសអំពាវនាវដល់បុរសៗខិលខូច ត្រូវបញ្ឈប់នូវសកម្មភាពអសីលធម៌។

ការថ្លែងអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសាកសួរសុខទុក្ខកុមាររងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាជំនួយរបស់សម្តេចទាំងទ្វេ នៅអង្គការអាហ្វេស៊ីបកម្ពុជា ដែលមានទីតាំងនៅស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន រំពឹងថា អង្គការអាហ្វេស៊ីប នឹងមិនទទួលបានកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន ឬជួញដូរផ្លូវភេទកាន់តែច្រើននោះទេ ដោយសម្តេចបញ្ជាក់ថា ការសាងសង់អគារថ្មីនេះ មិនមែនសំដៅបន្ថែមចំនួនមនុស្សឡើយ ប៉ុន្តែដើម្បីឲ្យកុមារីដែលកំពុងស្នាក់ មានភាពងាយស្រួលជាងមុនប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនធ្វើកន្លែងនេះ ដើម្បីត្រៀមទទួលមនុស្សបន្ថែមនោះទេ ដែលសង្ឃឹមថារឿងនេះ នឹងបានឮទៅដល់គ្រប់មនុស្ស ជាពិសេសបុរសៗ ដែលខិលខូចទាំងឡាយ មិនត្រូវធ្វើសកម្មភាពអ្វី ដែលផ្ទុយជាមួយនឹងសីលធម៌របស់មនុស្ស។ សង្ឃឹមថាទីកន្លែងនេះ បន្ទាប់ពីចៅៗធំទៅ មានប្តី មានគ្រួសារ ចាកចេញទៅ នឹងមិនមានមនុស្សបន្ថែមថ្មី រហូតទៅដល់កន្លែងនេះអាចទៅជាចំណុច ប្រមូលផ្តុំកុមារីដែលរងគ្រោះទេ ប្រសិនបើទីកន្លែងនេះ ដែលមានចំនួនកើនឡើងនូវចំនួនកុមារីដែលរងគ្រោះដោយការរំលោភបំពាន មានន័យថា នៅទូទាំងប្រទេសរបស់យើង វាក៏នៅសល់បញ្ហាទាំងឡាយ ដែលបានកើតការបំពានទៅលើស្ត្រី និងកុមារីផងដែរ។ យើងធ្វើកន្លែងនេះ មិនមែនសំដៅបង្កើនចំនួនមនុស្សទេ ក៏ប៉ុន្តែសំដៅដោះស្រាយបញ្ហា ចៅៗដែលនៅតូចៗ មានកន្លែងជ្រកកោនឲ្យបានស្រួល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ថ្ងៃនេះ លោកជំទាវ ជូ ប៊ុនអេង ដែលទទួលខុសត្រូវទៅលើបញ្ហា ការប្រឆាំងការជួញដូរមនុស្ស ក៏មានវត្តមាននៅទីនេះ យើងត្រូវចាប់ផ្តើមរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអំពើទាំងឡាយដែលបំពាន ហើយជាពិសេសភាពតិរច្ឆានដែលបានកើនឡើង ដោយសារមនុស្សប្រុសមួយចំនួនដែលបានបង្កើត៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី














