Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងឆ្នាំសកល២០២២ ឈានចូល ២០២៣ ភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ បានទស្សនាកម្សាន្តនៅខេត្តកំពត

កំពត៖ ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២២ ឈានចូល ២០២៣ ខេត្តកំពត ទទួលបានភ្ញៀវ ដែលបានដើរលម្ហែកម្សាន្តនៅទូទាំងខេត្តមានប្រមាណជាង ៣៣ម៉ឺននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ពេញមួយថ្ងៃ និងយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ជាឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ភ្ញៀវដែលបានមកដើរលម្ហែកម្សាន្តនៅទូទាំងខេត្តកំពតមានចំនួន ៣៣០.៦៥៩នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៤៧នាក់។

លោក បានបញ្ជាក់ថា បើគិតតែភ្ញៀវដែលបានទស្សនាពិធីប្រណាំងទូកនេសាទ ទូកម៉ាស៊ីន ដែលរៀបចំដោយរដ្ឋបាលខេត្ត ជាមួយនិងការដើរលម្ហែក្នុងក្រុង និងការកម្សាន្តកម្មវិធីប្រគំតន្ត្រី ដើម្បីរង់ចាំការរាប់ថយក្រោយ ប្រមាណ ៣០ម៉ឺននាក់។ ភ្ញៀវដ៏ច្រើនបែបនេះ បានធ្វើឱ្យសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ពេញទាំងអស់ ដោយមិនមានបន្ទប់ណាមួយក្នុងចំណោមជាង៤.៧០០បន្ទប់ទំនេរនោះឡើយ ក្រៅពីនេះ ក៏មាន​ការបោះតង់បន្ថែមនៅលើភ្នំបូកគោ និងរមណីយដ្ឋានទំនប់ម្លិច ព្រមទាំងគោលដៅជាច្រើនកន្លែងទៀត។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខេត្តកំពតមានភ្ញៀវទេសចរសម្រុកមកសម្រាកកម្សាន្តច្រើន ដោយសារតែខេត្តនេះបានបង្កើតនូវតំបន់រមណីដ្ឋាន ក៏ដូចជាកន្លែងកម្សាន្តថ្មីៗជាច្រើនកន្លែង ពិសេសមានឆ្នេរដែលទើបនឹងបង្កើតថ្មី សួនច្បារប្រណិតដែលកំពុងស្ថាបនា ព្រមទាំងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាដែលមានភាពទាក់ទាញ។

DCIM\307MEDIA\DJI_0011.JPG

ខេត្តកំពត បានធ្វើការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងបង្កើតឡើងនូវព្រឹត្តិការណ៍កម្សាន្តសប្បាយៗជាច្រើនផងដែរ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកសម្រាកកម្សាន្តក្នុងខេត្តដើម្បីទាញយកចំណូលជូនពលរដ្ឋក្នុងខេត្តឱ្យកើនឡើងមួយកំរិតទៀត៕

×