បន្ទាយមានជ័យ៖ បន្ទាប់ពីមានឧបទ្ទវហេតុអគ្គីភ័យឆេះអគារកាស៊ីណូ អាជ្ញាច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្វែរថយន្តដឹកទំនិញគ្រប់ប្រភេទ ត្រូវបានឲ្យចរាចរណ៍តាមច្រកអន្តរជាតិស្នឹងបទវិញ ចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ និងបានបើកដំណើរការឲ្យភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់ទៅមកធម្មតាដោយថ្មើរជើង តាមផ្លូវវាងចូលច្រកខាងកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីមានអគ្គិភ័យឆាបឆេះអគារកាស៊ីណូ ក្រុងប៉ោយប៉ែត មានអ្នកស្លាប់ និងរងការខូចខាតអគារកាស៊ីណូ ដែលជាផ្លូវចូលមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រឈមមិនអាចចរាចរណ៍បាន និងអាចបង្កគ្រោះថ្នាក់ដល់ អ្នកដំណើរឆ្លងកាត់ ហេតុដូច្នេះ គណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសម្រេចឲ្យភ្ញៀវចេញ-ចូល តាមផ្លូវវាងមិនឲ្យឆ្លងកាត់ផ្លូវពីរង្វង់មូលទៅច្រកទ្វារ ដើម្បីការពារសុវត្ថិភាពអ្នកចេញ-ចូល និងឆ្លងកាត់។

លោកបានបន្តថា រថយន្តដឹកទំនិញក្រោយ អគ្គិភ័យឆាបឆេះត្រូវបានអាជ្ញាធរជាប់ជាយដែនឯកភាពគ្នានិងការណែនាំពី រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានបង្វែរថយន្តដឹកទំនិញចេញ ចូលតាមច្រកទ្វារ អន្តរជាតិស្ទឹងបទវិញដែលស្ថិតភូមិស្ទឹងបទ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលត្រូវបានដំណើរការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២តទៅ។

ដោយឡែកចំពោះភ្ញៀវជាតិអន្តរជាតិ ដែលចេញ-ចូលឆ្លងកាត់ដំណើរការធម្មតាតែឲ្យធ្វើដំណើរ តាមផ្លូវវាងជាបណ្ដោះអាសន្នដោយរង់ចាំការរៀបចំសណ្តាប់ធ្នាប់នៅចំណុចដែលអគារកាស៊ីណូឆេះនិងស្ពានឆ្លងផ្លូវមានសណ្តាប់ធ្នាប់ល្អទើបអនុញ្ញាតឲ្យចេញ-ចូលជាធម្មតាវិញ។
សូមបញ្ជាក់ថា ហេតុការណ៍ឆេះកាស៊ីណូនេះ បានកើតឡើងចាប់តាំងពីយប់ថ្ងៃទី២៨ខែធ្នូ និងបានបន្ដឆេះរហូតដល់ថ្ងៃទី៣០ខែធ្នូ ទើបអាចពន្លត់ភ្លើង និងគ្រប់គ្រងបានទាំងស្រុង ខណៈក្នុងនោះអគារចំនួន៣ រួមមាន៖ អគារក្រុមហ៊ុនហ្ក្រេនដាយមិនស៊ីធីចំនួន២ និងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីចំនួនមួយបានរងការខូចខាតដោយសារភ្លើងឆេះនេះ៕