Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន និង រុស្ស៊ី អួតអាងពីការវាយប្រហារកម្ទេចគ្នាទៅវិញទៅមក

រដ្ឋធានីកៀវ៖ ស្របពេលឆ្នាំចាស់ ទើបនឹងផ្លាស់ចូលមកដល់ឆ្នាំថ្មីនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានអះអះអាង អំពីការវាយប្រហារកម្ទេចទីតាំងឈរជើងរបស់កម្លាំងទាហានរុស្ស៊ី ខណៈក្រុងមូស្គូ បានអះអាង អំពីការបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់ក្រុងកៀវ។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ថា ក្រសួងការពារជាតិរុស្ស៊ី បានះអាងថា កម្លាំងទាហានអាកាសរបស់ក្រុងមូស្គូ បានប្រើប្រាស់យន្ដហោះមួយគ្រឿង ប្រភេទ Su-35S (ស៊ូ-35S) បាញ់ទម្លាក់យន្ដហោះចម្បាំង និង ឧទ្ធម្ភាគចក្ររបស់អ៊ុយក្រែន សរុប៣គ្រឿង រួមមាន យន្ដហោះចម្បាំង ប្រភេទ MiG-29 (មីគ-២៩) ចំនួន១គ្រឿង និង ឧទ្ធម្ភាគចក្រ ប្រភេទ Mi-8 ចំនួន២គ្រឿង។ ចំណែកការវាយប្រហារទៅលើកម្លាំងសត្រូវនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ និង ៣០ ខែធ្នូ នៅលើតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ថា កងទ័ពអាកាសរបស់អ៊ុយក្រែន បានវាយប្រហារ ទៅលើទីតំាំងឈរជើងរបស់ទាហានរុស្ស៊ី ចំនួន១៣កន្លែង ហើយកងមីស៊ីល និង កាំភ្លើងធំ បានវាយចំគោលដៅ ដែលជាកន្លែងប្រមូលផ្តុំកម្លាំងទាហាន និង ឧបករណ៍យោធារបស់សត្រូវ ចំនួន២កន្លែង។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ហើយបានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១ ខែមករា ថា កម្លាំងទាហានរុស្ស៊ី កាលពីថ្ងៃដដែលនេះ បានវាយប្រហារតាមអាកាស ចំនួន៣៥លើក។ ស្របគ្នានោះ កម្លាំងសត្រូវ បានប្រើប្រាស់ដ្រូនសាហ៊ីត-136 (Shahed-136) ផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយដ្រូនទាំងនោះក៏ត្រូវបានកងទ័ពអ៊ុយក្រែន បាញ់ទម្លាក់អស់ផងដែរ។ ប៉ុន្ដែកាលពី១ថ្ងៃមុននេះ កងទ័ពរុស្ស៊ី បានវាយប្រហារ ចំនួន១៦លើក ដោយប្រើប្រាស់ប្រព័ន្ធកាំភ្លើង MLRS ដោយរួមទាំងការវាយប្រហារទៅលើមន្ទីរពេទ្យរបស់កុមារមួយកន្លែង នៅក្នុងទីក្រងខឺរសុន (Kherson)។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ដថា «រហូតមកដល់ពេលនេះ ការគំរាមកំហែង ដោយការវាយប្រហារតាមអាកាស និង មីស៊ីល ពីកម្លាំងទាហានរុស្ស៊ី នៅតែបន្ដពាសពេញដែនដីរបស់អ៊ុយក្រែន។ ប៉ុន្ដែទោះជាយ៉ាងណា កាលពីថ្ងៃសៅរ៍ ទី៣១ ខែធ្នូ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន ចំនួន៧៦០នាក់ ខណៈពួកគេបានព្យាយាមប៉ុនប៉ង វាយប្រហារកាន់កាប់សមរភូមិបាឃ្មូត (Bakhumt) ហើយព្យាយាមស្ដារទីតាំងយុទ្ធសាស្រ្ដយោធារបស់ខ្លួន នៅលើសមរភូមិគូព្យានស្ក៍ (Kupiansk) លីម៉ាន់ (Lyman) និង អាវឌីវកា (Avdiivka) ឡើងវិញ។ កម្លាំងសត្រូវ កំពុងតែព្យាយាមការពារសមរភូមិណូវ៉ូប៉ាវលីវស្កេ (Novopavlivske) និង ហ្សាប៉ូរីសហ្សា (Zaporizhzhia) ហើយប្រមូលផ្ដុំកម្លាំងទ័ពឡើងវិញ នៅក្នុងតំបន់ខឺរសុន។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបន្ថែម ថា វិធានការការចល័តទ័ពរបស់រុស្ស៊ី កំពុងតែបន្ត នៅតំបន់គ្រីមៀ ដែលបានដណ្ដើមកាន់កាប់ជាបណ្តោះអាសន្ន ពីអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ១០៦ ៧២០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ហើយបានកម្ទេចគ្រឿងសឹកអស់រាប់ពាន់លានដុល្លារ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×