យើងជឿថា នៅរៀងរាល់ពេលព្រឹករបស់អ្នកនិយមញ៉ាំកាហ្វេ ច្បាស់ជាមិនអាចខកខានឱកាសក្នុងការស្វែងរកកាហ្វេអ៊ីន មកបន្ថែមភាពស្រស់ស្រាយដល់រាងកាយឡើយ។ ដោយក្លិនក្រអូបឈ្ងុយ និងរសជាតិ ដែលធ្វើឱ្យយើងមានអារម្មណ៍ថា រាងកាយមានភាពក្លៀវក្លាស្វាហាប់នោះ ទើបវាមិនមែនជារឿងប្លែកឡើយ ដែលកាហ្វេបានក្លាយជាភេសជ្ជៈកំពូលពេញនិយម ដែលមនុស្សជាច្រើនមិនអាចខ្វះបាន។
តែភេសជ្ជៈដែលមនុស្សមិនអាចខ្វះបាន ដូចជា “កាហ្វេ” នេះ ទោះជាផ្តល់ប្រយោជន៍ក្នុងរឿងភាពស្រស់ស្រាយស្វាហាប់ក៏ពិតមែន តែបើញ៉ាំច្រើនជ្រុលពេក ក៏វាផ្តល់នូវគុណវិបត្តិចំពោះរាងកាយក្នុងរយៈពេលវែងបានដែរ ព្រោះក្រៅពីកាហ្វេមានជាតិ “កាហ្វេអ៊ីន”ហើយ លោកអ្នកដឹងឬទេថា តើវានៅមានសារធាតុអ្វីខ្លះ ដែលផ្តល់គុណវិបត្តិដល់រាងកាយទៀតដែរឬទេ?
សារធាតុនៅក្នុងកាហ្វេ ដែលផ្តល់គុណវិបត្តិដល់រាងកាយមនុស្ស
១.សារធាតុ ធីអូហ្វ៊ីលលីន (Theophylline) ជាសារធាតុនៅក្នុងកាហ្វេអ៊ីនដែលធ្វើឱ្យបំពង់ខ្យល់រីក និងបញ្ចេញឥទ្ធិពលជំរុញប្រព័ន្ធប្រសាទ។ នៅក្នុងផ្នែកវេជ្ជសាស្ត្រ សារធាតុនេះ គេប្រើជាមួយអ្នកជំងឺហឺតដង្ហក់ ដើម្បីជំរុញការដកដង្ហើម តែបើបានទទួលសារធាតុនេះក្នុងបរិមាណច្រើន អាចនឹងហុចផលមិនល្អ ធ្វើឱ្យរាងកាយបាត់បង់តុល្យការ ដោយសារតែវាក៏ទៅជំរុញប្រព័ន្ធខួរក្បាលផងដែរ ដូច្នេះទើបមិនស័ក្តិសមសម្រាប់អ្នកដែលកើតជំងឺបេះដូងឡើយ។
២.សារធាតុ ស៊ែនធីន អាល់ខាលយដ៍ (Xanthine Alkaloid) ជាសារធាតុដែលបញ្ចេញឥទ្ធិពលជំរុញប្រព័ន្ធប្រសាទផ្នែកកណ្តាល ដែលធ្វើឱ្យមានអារម្មណ៍ក្លៀវក្លា រាងកាយស្វាហាប់ តែបើសិនបានទទួលក្នុងបរិមាណច្រើន អាចធ្វើឱ្យបេះដូងដើរលឿនខុសប្រក្រតី ដូច្នេះហើយទើបសារធាតុនេះ ត្រូវបានប្រើធ្វើជាគ្រឿងផ្សំនៅក្នុងភេសជ្ជៈប៉ូវកម្លាំង និងទឹកភេសជ្ជៈកំប៉ុងផ្សេងៗ។ ជាសារធាតុដែលមាននៅក្នុងកាហ្វេអ៊ីន នៅមានរបាយការណ៍មួយចំនួនបានប្រាប់ថា សារធាតុនេះ ក៏ត្រូវបានប្រើជាគ្រឿងផ្សំនៅក្នុងថ្នាំសម្លាប់សត្វល្អិតផងដែរ ព្រោះកាហ្វេអ៊ីនអាចធ្វើឱ្យសត្វល្អិតស្លាប់បាន។ សារធាតុនេះធ្វើឱ្យប្រព័ន្ធប្រឆាំងជំងឺក្នុងរាងកាយធ្លាក់ចុះខ្សោយ។
សភាវពុលកាហ្វេអ៊ីន
សភាវពុលកាហ្វេអ៊ីន តែងកើតនៅលើអ្នកដែលញៀនកាហ្វេអ៊ីនកម្រិតធ្ងន់ធ្ងរ ដែលវានឹងបណ្ដាលឱ្យកើតដំបៅនៅក្នុងក្រពះ ធ្វើឱ្យអ្នកដែលមានជំងឺក្រពះស្រាប់ហើយ កើតមានអាការចុកពោះ បើសិនញ៉ាំកាហ្វេពេលពោះទទេ។ អ្នកដែលកើតសភាវពុលកាហ្វេអ៊ីន នឹងមានអាការវិលមុខ មានអារម្មណ៍រសាប់រសល់ និងហុចផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ធ្វើឱ្យងាយកើតអាការធុញថប់តានតឹង។ អាការបន្ទាប់បន្សំដទៃទៀត ដែលជួបប្រទះញឹកញាប់គឺ ការបត់ជើងតូចញឹកញាប់ខុសប្រក្រតី បេះដូងលោតញាប់ខ្លាំងៗ គេងលក់មិនស្រួល និងគ្រោះថ្នាក់ម្យ៉ាងទៀត ដែលអាចកើតឡើងចំពោះអ្នកញៀនកាហ្វេអ៊ីនកម្រិតធ្ងន់ធ្ងរនោះគឺ សភាវពុលកាហ្វេអ៊ីននៅក្នុងឈាមខ្ពស់ នឹងធ្វើឱ្យសម្ពាធឈាមកើនឡើងខ្ពស់ ធ្វើឱ្យខ្លាញ់នៅក្នុងឈាមកើនឡើង ដែលជាលទ្ធផលធ្វើឱ្យក្រពះផលិតអាស៊ីតចេញមកបន្ថែម ធ្វើឱ្យងាយកើតដំបៅក្នុងក្រពះខ្លាំងជាងមនុស្សប្រក្រតី។ ចំណែកផលប៉ះពាល់ ដែលកើតចំពោះមនុស្សស្រីវិញ បើកាហ្វេអ៊ីននៅក្នុងរាងកាយ មានបរិមាណច្រើន នឹងធ្វើឱ្យងាយកើត “ដុំគីស” ជាងមនុស្សប្រក្រតី និងប្រថុយប្រថានក្នុងការកើតមហារីក ឬដុះសាច់នៅក្នុងសុដន់ទៀតផង។
ញៀនកាហ្វេអ៊ីនខ្លាំងប៉ុនណា…ក៏អាចឈប់បានដែរ តាមរយៈវិធីដូចតទៅ…
១.បន្ថយបរិមាណ
សម្រាប់អ្នកដែលញៀនកាហ្វេ ហើយត្រូវការចង់ឈប់ញ៉ាំកាហ្វេយ៉ាងដាច់ខាតតែម្តងនោះ ដំបូងៗអាចមានអាការឈឺក្បាល និងមានអារម្មណ៍ឡេះឡះនៅពេលមិនបានញ៉ាំកាហ្វេ។ ដំណាក់កាលដំបូង សុំឱ្យសាកល្បងប្តូរពីកាហ្វេខ្មៅសុទ្ធៗ មកជាកាហ្វេទឹកដោះគោប្រមាណជា ១សប្ដាហ៍ រួចហើយសឹមបញ្ចុះមកជាការញ៉ាំទឹកដោះគោឆៅ ក្តៅឧណ្ហៗ លាយកាហ្វេស្តើងៗ។ ក្នុងអំឡុងពេលថ្ងៃ ចូរប្តូរពីកាហ្វេ មកជាកូកូក្តៅជំនួសវិញ ព្រោះនៅក្នុងកូកូ ក៏មានកាហ្វេអ៊ីនដូចគ្នាដែរ តែតិចជាងកាហ្វេ។
ការឈប់ញ៉ាំកាហ្វេបែបដាច់ខាតភ្លាមៗ នឹងហុចផលអាក្រក់ ច្រើនជាងផលល្អ និងអាចធ្វើឱ្យកាន់តែពិបាកបញ្ឈប់ការញ៉ាំកាហ្វេខ្លាំងឡើងទៅវិញទេ ដូច្នេះទើបគួរប្រើវិធីការកាត់បន្ថយបរិមាណ ដែលអាចហៅបានថា ជាការដកខ្លួនថយឆ្ងាយពីគុណវិបត្តិរបស់កាហ្វេបន្តិចម្តងៗ ទើបជាការប្រសើរ។
២.ញ៉ាំទឹកតែឱសថបុរាណ និងភេសជ្ជៈក្លិនខារ៉ាមេល
នៅក្នុងតែប្រភេទខ្លះ គ្មានកាហ្វេអ៊ីនឡើយ ហើយក្លិនរបស់ទឹកតែឆុងចាស់ៗ ថែមទាំងជួយឱ្យយើងមានអារម្មណ៍ស្រស់ថ្លា អាចជំនួសឱ្យការញៀនកាហ្វេបានទៀតផង តែឱសថបុរាណ ដូចជា តែយឹនស៊ឹន តែព្នៅ តែខ្ញី តែបៃតង មានក្លិនក្រអូប នឹងជួយបំប៉នសុខភាព ជួយសម្រួលតុល្យភាពក្នុងរាងកាយ។ ការរកអ្វីផ្សេងមកញ៉ាំជំនួសកាហ្វេ ក៏អាចជួយបានដែរ តែបើលោកអ្នកមិនចូលចិត្តទឹកតែ អាចប្តូរមកញ៉ាំទឹកដោះគោក្រឡុក លាយក្លិនខារ៉ាមេល ឬបាត់ធើរ៍ ស្កត់ ក៏ជាភេសជ្ជៈមួយទៀត ដែលអាចជំនួសកាហ្វេបានដែរ ព្រោះទាំងខារ៉ាមេល និងបាត់ធើរ៍ ស្កត់ មានក្លិនស្រដៀងកាហ្វេខ្លាំងបំផុត។
នៅពេលបានដឹងពីគុណវិបត្តិរបស់កាហ្វេហើយ យើងគួរតែបន្ថយបរិមាណការញ៉ាំ ឱ្យមានតុល្យភាពជាមួយការញ៉ាំអាហារផ្សេងៗ គួបផ្សំជាមួយការញ៉ាំបន្លែ-ផ្លែឈើ ដែលមានប្រយោជន៍ដល់រាងកាយ និងញ៉ាំទឹកស្អាតឱ្យបានញឹកញាប់ឡើង ដើម្បីលាងជម្រះសារធាតុកាហ្វេអ៊ីន ឱ្យថយចុះខ្លះ៕