ក្រចេះ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកពីកិច្ចខិតខំប្រឹងប្រែងដែលមិនមែនជាការងាយស្រួលពេកនោះទេ ហើយក៏មិនមែនជាការចៃដន្យនោះដែរ រឿងអភិវឌ្ឍន៍ប្រទេសជាតិ និងរឿងស្វែងរកសន្តិភាពនេះ ដោយសម្ដេចលើកឡើងថា ពេញមួយជីវិតរបស់សម្ដេចនេះ គឺដៃម្ខាងខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ស្វែងរកសុខសន្ដិភាព និងដៃម្ខាងទៀត គឺប្រឹងកសាង ស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីតែប្រជាជនកម្ពុជា។

ការលើកឡើងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ។ សម្ដេចដឹងច្បាស់ថា នៅពេលនេះពួកជនអគិតដែលមានគំនិតចង់បំផ្លាញសុខសន្ដិភាព មិនទាន់បោះបង់គំនិតរបស់ពួកគេចោលនោះទេ ប៉ុន្ដែសម្ដេចប្រកាសហើយថា ត្រូវតែបង្ក្រាបរាល់សកម្មភាពទាំងឡាយ ដែលចង់បំផ្លាញសន្ដិភាពរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ពេញមួយជីវិតរបស់ខ្ញុំនេះ គឺខ្ញុំខិតខំធ្វើយ៉ាងម៉េច ម្ខាងដោះស្រាយបញ្ហាសន្ដិភាព រកសន្ដិភាពជូនជាតិ ហើយត្រូវរក្សាសន្ដិភាពនេះ ឯម្ខាងទៀត ខិតខំការអភិវឌ្ឍដែលការអភិវឌ្ឍនោះ គឺអាទិភាព ៤យ៉ាង ដែលត្រូវដោះស្រាយសម្រាប់ប្រជាពលរដ្ឋរបស់យើង គឺទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស។ ឥឡូវយើងបន្ដគម្រោងនេះទៀត ដោយយកមនុស្សជាសំខាន់ មនុស្ស គឺសំដៅទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាអាទិភាពបន្ដទៀត។

ដូច្នេះទេ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដប្រកាសជាថ្មីថា សន្ដិភាពដែលសម្ដេចយកជីវិតធ្វើដើមទុននេះ គឺដាច់ខាតត្រូវតែរក្សា និងការពារឲ្យខាងតែបាន មិនអាចឲ្យមានអ្នកណាមកបំផ្លាញបាននោះឡើយ។ យើងនៅតែបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំរួមគ្នាការពារ និងថែរក្សាសន្ដិភាពដែលកម្ពុជាកំពុងមាននេះទាំងអស់គ្នា។
ស្ដីពីការអភិវឌ្ឍវិញ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយភ្ជាប់ពីកន្លែងមួយ ទៅកន្លែងមួយ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ ដោយប្រែពីការឆ្លងទូក មកជិះលើស្ពាន ប្រែពីមានហានិភ័យ មកគ្មានហានិភ័យ នេះជាអ្វីដែលរាជរដ្ឋាភិបាលប្រឹងប្រែង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











