ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា រយៈពេល ៩ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣,៩ លាននាក់ ក្នុងកំណើន ១១,៥% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ១៤ម៉ឺន ៦ពាន់នាក់ ក្នុងកំណើន ៦,៨% ប៉ុន្តែបើយោងតាមស្ថិតិអន្តោប្រវេសន៍ជប៉ុន បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ ប្រជាជនកម្ពុជាចំនួន១៣.០០០នាក់ បានមកទស្សនាប្រទេសជប៉ុន បើធៀបទៅនឹងឆ្នាំមុន កើនឡើង១៩ភាគរយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន លើកទី ១ និងពិធីអបអរសាទរខួប ១ឆ្នាំ នៃការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរ ANA នៅផ្សារទំនើប AEON រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ លោក បន្តថា ពិព័រណ៍ដ៏ល្អនេះ សំដៅបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍រវាងកម្ពុជា-ជប៉ុន ដែលជាផ្នែកមួយ ចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អរវាងកម្ពុជា និងជប៉ុនដែលជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលដទៃទៀត ដែលកើតចេញពីសុខសន្តិភាពពេញលេញរបស់កម្ពុជា។ នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ១៩ម៉ឺននាក់។ សម្រាប់រយៈពេល ៩ខែ ដើម ឆ្នាំ២០១៧នេះ យើងទទួលបានទេសចរអន្តរជាតិជាង ៣,៩ លាននាក់ ក្នុងកំណើន ១១,៥% ក្នុងនោះទេសចរជប៉ុនមានចំនួនជាង ១៤ម៉ឺន ៦ពាន់នាក់ ក្នុងកំណើន ៦,៨%។
កំណើនដ៏ល្អ នៃការមកដល់របស់ទេសចរអន្តរជាតិ ពិសេសកំណើន នៃការមកទស្សនាកម្ពុជារបស់មិត្តជប៉ុន គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនការតភ្ជាប់ និងការសម្រួលការធ្វើដំណើររវាងប្រទេសយើងទាំងពីរនោះទេ។ ជាការពិត យើងទទួលបានសមិទ្ធផលទេសចរណ៍គួរជាទីមោទនៈនាពេលនេះ ក៏អាស្រ័យលើការអនុវត្តគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា ការបើកច្រកព្រំដែនអន្តរជាតិ កាន់តែទូលំទូលាយជាមួយបណ្តាប្រទេសជិតខាង និងកិច្ចប្រឹងប្រែង របស់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ ជាក់ស្តែង ជើងហោះហើរត្រង់ប្រចាំថ្ងៃ តូក្យូ-ភ្នំពេញ-តូក្យូរបស់ក្រុមហ៊ុន ANA ដែលបានចាប់ដំណើរការអស់រយៈពេលជាង ១ ឆ្នាំកន្លងមកនេះ គឺមិនត្រឹមតែផ្តល់នូវជម្រើសដ៏ពេញនិយម និងកាន់តែងាយស្រួល សម្រាប់ភ្ញៀវទេសចរជប៉ុនក្នុងការមកទស្សនាកម្ពុជា ក៏ដូចជាសម្រាប់ភ្ញៀវទេសចរកម្ពុជាក្នុងការទៅទស្សនាជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមបង្កើនការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀតផងដែរ។ លើសពីនេះទៀត ការសម្រួលការធ្វើដំណើរ ជាកត្តាគន្លឹះសម្រាប់ជំរុញកំណើនទេសចរណ៍ ដោយបច្ចុប្បន្ន កម្ពុជាបាននឹងកំពុងអនុវត្តការផ្តល់ទិដ្ឋាការអេឡិចត្រូនិក (E-visa) ទិដ្ឋាការពេលមកដល់ និងទិដ្ឋាការចេញចូលច្រើនដងសម្រាប់រយៈពេល ១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន។
លោកបានបន្ថែមថា នៅក្នុងយុទ្ធសាស្ត្រទាក់ទាញ និងត្រៀមទទួលទេសចរអន្តរជាតិ ក៏ដូចជាការឆ្លើយតបនឹងតម្រូវការ របស់ភ្ញៀវទេសចរក្នុងស្រុក ក្រសួងទេសចរណ៍បាននឹងកំពុងបន្តពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានស្រាប់ រួមជាមួយនឹងការគៀងគរឲ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត កាន់តែសម្បូរបែប ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ទាំងនៅកម្រិតថ្នាក់ជាតិនិយាយជារួម និងនៅរាជធានីភ្នំពេញនិយាយដោយឡែក ។
ជប៉ុនក៏ជាដៃគូជាដែគូវិនិយោគ ពាណិជ្ជកម្ម និងជាម្ចាស់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា។ នៅក្នុងឆ្នាំ២០១៦កន្លងមក វិនិយោគទុនជប៉ុន នៅកម្ពុជា បានកើនឡើងដល់ចំនួនជាង ៨០០លានដុល្លារ។
លោកបានបញ្ជាក់ថា កម្ពុជានឹងអាចស្វែងយល់ឲ្យកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ជប៉ុន ដែលពិតជានឹងចូលរួមដល់ការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក (two-way visits) រវាងកម្ពុជា-ជប៉ុន ជាពិសេសក្រុមហ៊ុនអាកាសចរ ANA អាចពិចារណាលើការបង្កើនជើងហោះហើរត្រង់ មកកម្ពុជាបន្ថែមទៀត ពិសេសការតភ្ជាប់ ទៅកាន់សៀមរាបអង្គរ និងតំបន់ឆ្នេរ។
ក្នុងឱកាសនោះដែរ លោកHORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរជប៉ុនប្រមាណ២សែននាក់មកកម្ពុជា ។ ចំណែកភ្ញៀវទេសចរកម្ពុជាទៅទស្សនាប្រទេសជប៉ុនក៏មានការកើនឡើងពី៣ពាន់នាក់នៅឆ្នាំ២០១០ រហូតដល់១២.០០០នាក់នៅឆ្នាំ២០១៦។ លោកបន្តថា ប្រទេសជប៉ុនមានសណ្ឋានដីលាតសន្ធឹងយ៉ាងវែងពីខាងជើងទៅខាងត្បូង ដូច្នេះតំបន់នីមួយៗមានអាកាសធាតុខុសៗគ្នា ទេសភាពក៏ខុសគ្នា ហើយមានទំនៀមទម្លាប់និងអាហារក៏ផ្សេងពីគ្នាផងដែរ ដូច្នេះភាពខុសគ្នាទាំងនេះ បានបង្កើតជាភាពទាក់ទាញមួយរបស់ប្រទេសជប៉ុន។
ជាមួយគ្នានោះដែរ លោក SHIRAISHI Takuya អនុប្រធានការិយាល័យ JNTO ប្រចាំទីក្រុង Bangkok សង្ឃឹមថាភ្ញៀវទេសចរកម្ពុជា មកទស្សនាប្រទេសជប៉ុន នឹងកាន់តែកើនឡើងថែមទៀត នាពេលអនាគត ។ ប្រទេសជប៉ុន មានភាពស្រស់ស្អាតដ៏អស្ចារ្យ តាមរដូវកាលជាច្រើនដូចជា ផ្កាសាគូរ៉ា នៅរដូវផ្ការីក ព្រិលនៅរដូវរងា និងទីក្រុងធំៗដូចជា ទីក្រុងតូក្យូ អូសាកា ក្យូតូ ដែលមានទេសភាព នៃប្រាសាទព្រះពុទ្ធសាសនាបុរាណ ថែមទាំងធម្មជាតិ ក៏ធំធេង នៅហុកកៃដូ ការថតរូបជាអនុស្សាវរីយ៍ ដោយសម្លៀកបំពាក់ប្រពៃណីជប៉ុន យូកាតា និងមានផ្ទាំងទេសភាពភ្នំហ្វូជី ដែលជានិមិត្តរូបនៃប្រទេសជប៉ុន ៕ ដោយ៖កូឡាប