ភ្នំពេញ៖ ក្រោយពីធ្លាក់ចុះ កំណើនដោយសារជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញ ដោយមានការគាំទ្រពីវិស័យនាំចេញ ដែលនៅមានភាពរឹងមាំ ប៉ុន្តែកម្ពុជានៅតែប្រឈមមុខនឹងឧបសគ្គច្រើនទៀតនៅ ក្នុងសេដ្ឋកិច្ចសកលលោក ខណៈដែលសកម្មភាពពាណិជ្ជកម្មពិភពលោកធំៗ មានកំណើនយឺត។

លោកស្រី គ្រីស្តាលីណា ជីអ័រហ្គាវ៉ា (Kristalina Georgieva) នាយកគ្រប់គ្រងមូលនិធិបិយវត្ថុអន្តរជាតិ (IMF) នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានមួយ បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចនៅឆ្នាំថ្មី២០២៣នេះ នឹងមានភាពតឹងតែងជាងឆ្នាំមុន ដោយសារតែសេដ្ឋកិច្ចធំៗទាំងបី គឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន សុទ្ធតែកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា។

កាលពីខែតុលា ឆ្នាំទៅ IMF បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៣ ដោយឆ្លុះបញ្ចាំងពីការអូសបន្លាយពីសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាសម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់ ដែលបង្កើតឡើងដោយធនាគារកណ្តាល មាន ធនាគារកណ្តាលអាមេរិក មានបំណងធ្វើឲ្យសម្ពាធតម្លៃទាំងនោះធ្លាក់ចុះមកវិញ។

លោកស្រីប្រធាន IMF បានមានប្រសាសន៍ថា ជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំ កំណើនរបស់ប្រទេសចិននៅឆ្នាំ ២០២២ ទំនងជាទាបជាងកំណើនសកលលោក។ លោកស្រី បានបន្តថា ការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគកូវីដនៅក្នុងប្រទេសចិន វានឹងមានភាពលំបាកសម្រាប់ប្រទេសចិនពីរបីខែខាងមុខ ហើយទំនងជានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសនេះបន្ថែមទៀតនៅឆ្នាំនេះ ហើយអូសទាញទាំងកំណើនក្នុងតំបន់ និងពិភពលោកផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី ជេអ័រហ្គាវ៉ា បានលើកឡើងថា ទោះបីជាសេដ្ឋកិច្ចអាមេរិក មានភាពធន់បំផុត ហើយអាចចៀសវាងពីការធ្លាក់ចុះភ្លាមៗ ស្របពេលទីផ្សារការងារនៅតែរឹងមាំក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងឈរដាច់ពីគ្នា ដែលទំនងជានឹងប៉ះពាល់យ៉ាងខ្លាំងដល់មួយភាគបីនៃសេដ្ឋកិច្ចរបស់ពិភពលោក។
ក៏ប៉ុន្តែគោលនយោបាយដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងសម្ពាធអតិផរណារបស់រដ្ឋាភិបាលអាមេរិកនឹងនៅតែជាហានិភ័យមួយ ខណៈដែលកាលពីឆ្នាំ ២០២២ កម្រិតអតិផរណារបស់ប្រទេសនេះបានហក់ដល់កម្រិតកំពូលក្នុងរយៈពេល ៤ទសវត្សទៅហើយ។
គួរបញ្ជាក់ថា ឆ្នាំ២០២២ ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាប្រាក់គោលរបស់ខ្លួន ពីជិតសូន្យខែមីនា ដល់កម្រិតបច្ចុប្បន្ន ពី ៤,២៥% ទៅ ៤,៥០%។ មន្ត្រីរបស់សហព័ន្ធកាលពីខែមុន បានព្យាករថា នឹងមានការដំឡើងដល់ ៥% នៅឆ្នាំ ២០២៣នេះ ជាកម្រិតមួយ ដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ ២០០៧មក នៅក្នុងការរឹតបន្តឹងគោលនយោបាយដ៏ខ្លាំងក្លាបំផុតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ រហូតមកពេលនេះ៕